កូរ៉េខាងជើង ថានឹងឈប់បញ្ជូនបាឡុងផ្ទុកសំរាម ចូលក្នុងទឹកដីកូរ៉េខាងត្បូង

(សេអ៊ូល)៖ កូរ៉េខាងជើង បាននិយាយថាខ្លួននឹងបញ្ឈប់បញ្ជូនបាឡុងផ្ទុកសំរាមចូលក្នុងទឹកដីកូរ៉េខាងត្បូង ដោយអះអាងថាយុទ្ធនាការរបស់ខ្លួន គឺជាវិធានការវាយបកដ៏មានប្រសិទ្ធភាពប្រឆាំងនឹងការឃោសនារបស់សកម្មជនប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន ក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Kim Kang Il ជាអនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដូច្នេះថា «យើងបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ទទួលបទពិសោធន៍គ្រប់គ្រាន់ថាតើពួកគេមានអារម្មណ៍ខឹងសម្បារយ៉ាងណា និងថាតើពួកគេត្រូវប្រឹងប្រែងយ៉ាងណា ដើម្បីសម្អាតរប៉ាត់រប៉ាយទាំងនោះ»។ ប៉ុន្តែ លោកបានព្រមានថាប្រសិនបើសកម្មជននៅកូរ៉េខាងត្បូងបន្តបញ្ជូនខិតបណ្ណឃោសនាប្រឆាំងទីក្រុងព្យុងយ៉ាង តាមបាឡុងចូលក្នុងទឹកដីកូរ៉េខាងជើង នោះព្យុងយ៉ាងនឹងបញ្ជូនសំរាមតាមបាឡុងជាថ្មីច្រើនជាងមុនរាប់រយដង។

គួរបញ្ជាក់ថា ទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានឱ្យដឹងថា កូរ៉េខាងជើងបានបង្ហោះបាឡុងប្រមាណ ៦០០បាឡុងថែមទៀត ដែលផ្ទុកទៅដោយ​សំរាម ឆ្លងព្រំដែនចូលមកកាន់កូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូង បានប្រាប់ថា បាឡុងរាប់រយខាងលើ ដែលផ្ទុកសំរាមផ្សេងៗ ដូចជាកន្ទុយបារី ខោអាវចាស់ៗ សំណល់ក្រដាស និង​ប្លាស្ទិក ជាដើម ត្រូវបានប្រទះឃើញ នៅពាសពេញរដ្ឋធានីសេអ៊ូល ចាប់តាំងពីចន្លោះម៉ោង ៨យប់ថ្ងៃសៅរ៍ មកដល់ម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ។ កាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងជើងក៏បានបញ្ជូនបាឡុងក្នុងចំនួនរាប់រយដូចគ្នា ដែលផ្ទុកសំរាមព្រមទាំងលាមក ឱ្យឆ្លងព្រំប្រទល់ចូលមក​ខាងកូរ៉េខាងត្បូង ផងដែរ៕