(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី៣១ ខែឧសភានេះបានរាយការណ៍ថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីករយៈចម្ងាយ ខ្លី១៨គ្រាប់ អំឡុងធ្វើសមយុទ្ធមួយ ដើម្បីបង្ហាញពីឆន្ទៈក្នុងការវាយប្រហារបង្ការទុកមុនប្រឆាំងនឹងកូរ៉េខាងត្បូង ក្នុងករណីចាំបាច់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាម KCNA លោក គីម ជុងអ៊ុន បានដឹកនាំ និងបញ្ជាដោយផ្ទាល់ក្នុងការសមយុទ្ធខាងលើ ដោយធ្វើតេស្ដលើប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតចម្រុះខ្នាតយក្ស ៦០០មីលីម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ សេចក្ដីរាយការណ៍របស់ KCNA ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី១០គ្រាប់ ចូលសមុទ្រខាងកើត។ KCNA បានគូសបញ្ជាក់ទៀតថាកងកម្លាំងកាំភ្លើងធំបានធ្វើ តេស្ដបាញ់ដោយជោគជ័យលើគោលដៅ ដែលត្រូវបានកំណត់នៅលើកោះមួយស្ថិតនៅចម្ងាយប្រហែល ៣៦៥គីឡូម៉ែត្រ ពីកន្លែងដែលលោក គីម ជុងអ៊ុន ឈរបញ្ជា។
រូបភាពជាច្រើនសន្លឹកត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះ បានបង្ហាញថាមីស៊ីល ១៨គ្រាប់ ដែលអ្នកជំនាញហៅថា KN-25 ត្រូវបានបាញ់ចេញពីប្រព័ន្ធជើងទម្រ ហោះពាសពេញអាកាស។