រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បិទវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ» ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រ» ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក Pablo Kang ភារធារីនៃស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា លោកស្រីតំណាងប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិអាស៊ី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ក្រុមការងារគម្រោងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន និងអង្គការមូលនិធិអាស៊ី ព្រមទាំងសិក្ខាកាមសរុបប្រមាណ ១០០រូប។

ថ្លែងនាឱកាសនោះលោក ប៉េង ពោធិ៍នា បានធ្វើការវាយតម្លៃខ្ពស់ជូនចំពោះសិក្ខាកាម ទាំងអស់ដែលបានចំណាយពេលវេលាដ៏មមាញឹក ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះដោយបានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់សិក្ខាកាមទាំងអស់ គឺជាសក្ខីភាពមួយដែលនាំទៅរកភាពរីកចម្រើនក្នុងនាមជាអ្នកដឹកនាំ និងការរួមចំណែកកាន់តែច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

លោករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មានចំនួនច្រើនរហូតដល់ប្រមាណ ៧០% នៃចំនួនសិក្ខាកាមសរុប ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការទទួលបាននូវពុទ្ធិថ្មីបន្ថែម។

តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល ៥សប្តាហ៍នេះ លោករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់ថា សិក្ខាកាមទាំងអស់ពិតជាបានទទួលចំណេះដឹងថ្មីបន្ថែម អំពីគោលគំនិតសំខាន់ៗនៃភាពជាអ្នកដឹកនាំ ក៏ដូចជាជំនាញក្នុងការទំនាក់ទំនង និងជំនាញប្រឹក្សាណែនាំជាដើម ដោយសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងប្រើប្រាស់ជំនាញទាំងនេះក្នុងការអនុវត្តការងារប្រចាំថ្ងៃ ជំរុញបរិយាកាសការងារឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្រ្តីក៏បាន ថ្លែងអំណរគុណ និងកោតសរសើរ ក៏ដូចជាវាយតម្លៃខ្ពស់ជូនចំពោះរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈគម្រោង P4I ដោយមានការសហការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងអង្គការមូលនិធិអាស៊ី ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ក៏ដូចជាជំរុញការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន៕