សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នាដាក់ចេញនូវលក្ខណៈបច្ចេកទេស ទម្រង់ និងរចនាបទស្តង់ដារ សម្រាប់ការកសាងសំណង់​ក្នុងវិស័យសាសនា

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងធម្មការ និងសាសនា ​ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមជួយគាំទ្រផ្ដល់យោបល់លើលក្ខណៈបច្ចេកទេស ទម្រង់ និងរចនាបទ សម្រាប់ការកសាងសំណង់នានា ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប និងព្រះបដិមាជាដើម ដើម្បីធ្វើយ៉ាងណា ឱ្យត្រឹមត្រូវតាមលក្ខណៈសាសនា វប្បធម៌ជាតិ ដើម្បីបានជាមរតកដ៏ថ្លៃថ្លា និងមានតម្លៃសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»​ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតីបានមានប្រសាសន៍គូសបញ្ជាក់ថា «សូមក្រសួងធម្មការ និងសាសនា និងក្រសួងស្ថាប័នពាក់ព័ន្ធ សហការដាក់ចេញនូវលក្ខណៈបច្ចេកទេស ទម្រង់ និងរចនាបទស្តង់ដារ សម្រាប់ការកសាងសំណង់ពាក់ព័ន្ធនឹងវិស័យសាសនា ដើម្បីធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមក្រិត្យក្រមសម្រាប់ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ»

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមអភិរក្ស និងអភិវឌ្ឍបរិស្ថានធម្មជាតិនៅទីនេះឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដូចជាការថែទាំ ការដាំដើមឈើបន្ថែម និងការអភិរក្សសត្វព្រៃជាដើម និងបានណែនាំឱ្យរួមគ្នាប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាឱ្យបានផលប្រយោជន៍ ច្រើនបំផុតសម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាពិសេសស័ក្តិសមបំផុតសម្រាប់ការអប់រំលើកម្ពស់សីលធម៌សង្គម និងការបដិបត្តិសមាធិអប់រំចិត្ត។

សូមជម្រាបថា គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ​ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមាន​ការ​សាង​សង់​ព្រះចូឡា មុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន៤ មហា​ប្រា​សាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា​៕