(វីយែន)៖ របាយការណ៍មួយរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានឱ្យដឹងថាអ៉ីរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងកម្រិតខិតកាន់តែកៀក ទៅ រកការផលិតគ្រាប់បែកនុយក្លេអ៊ែរ ក្នុងល្បឿនមួយឋេរ ខណៈកិច្ចចរចាស្ដីពីការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរបស់តេហេរ៉ង់ជាមួយ IAEA បានជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរបាយការណ៍របស់ IAEA ដែល Reuters បានឃើញកាលពីថ្ងៃទី២៧ ខែឧសភា អ៉ីរ៉ង់បានស្ដុកទុកនូវសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ទៅដល់កម្រិត សុទ្ធ៦០ភាគរយ ខណៈ៩០ភាគរយជាកម្រិតអាចផលិតបានគ្រាប់បែកនុយក្លេអ៊ែរ។ របាយការណ៍នេះដដែលក៏បានបញ្ជាក់ដែរថាមិនមានភាពរីកចម្រើនឡើយ ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តតាមសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ស្របពេលកិច្ចចរចាបានជាប់គាំង។
គួរបញ្ជាក់ថា ប្រមុខ IAEA លោក Rafael Grossi បានធ្វើដំណើរទៅកាន់ប្រទេសអ៉ីរ៉ង់ក្នុងខែឧសភានេះ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីអ៉ីរ៉ង់ក្នុងគោលបំណង ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងការតាមដានរបស់ IAEA ក្នុងប្រទេសអ៉ីរ៉ង់។ ប៉ុន្តែ កិច្ចប្រឹងប្រែងនេះបានជាប់គាំង ក្រោយប្រធានាធិបតីអ៉ីរ៉ង់ Ebrahim Raisi ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីសប្ដាហ៍មុន៕