(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានដាក់ចេញនូវទណ្ឌកម្មលើបុគ្គលរុស្ស៉ី ២រូប និងក្រុមហ៊ុនរុស្ស៉ីចំនួន៣ សម្រាប់ការជួយសម្របសម្រួល ដល់សកម្មភាពដឹកជញ្ជូនអាវុធរវាងរុស្ស៉ី-កូរ៉េខាងជើង រួមមានទាំងមីស៉ីលបាលិស្ទីគ សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០២៤។
បុគ្គល និងក្រុមហ៊ុនទាំងប៉ុន្មានខាងលើ បានព្យាយាមគេចពីការដាក់ទណ្ឌកម្ម ដោយប្រើឈ្មោះក្រុមហ៊ុនជំនួសមុខ ក្នុងការដឹកជញ្ជូនសម្ភារយោធា ដើម្បីគាំទ្រដល់សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នៅពេលទណ្ឌកម្មត្រូវបានដាក់ចេញ នឹងរួមមានការបង្កកទ្រព្យសម្បត្តិ និងផលប្រយោជន៍ របស់ក្រុមហ៊ុនទាំងនោះ ដែលមាននៅសហរដ្ឋអាមេរិកទាំងអស់។
លោក Brian Nelson អនុរដ្ឋលេខាក្រសួងហិរញ្ញាវត្ថុទទួលបន្ទុកកិច្ចការភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានឱ្យដឹងថា «សកម្មភាពថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការរំខានដល់កិច្ចសហប្រតិបត្តិការយោធារបស់កូរ៉េខាងជើង កាន់តែស៉ីជម្រៅជាមួយរុស្ស៉ី»។ លោក Nelson បន្ថែមថា «សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការសកម្មភាព ចំពោះអ្នកដែលចង់សម្របសម្រួលការដឹកជញ្ជូនអាវុធ និងសម្ភារៈផ្សេងទៀតដើម្បីអាចបម្រើសង្រ្គាមរបស់រុស្ស៉ី»។