អ៉ីស្រាអែល ប្រាប់តុលាការ ICJ ថា ករណីបណ្តឹងរបស់អាហ្រ្វិកខាងត្បូង គឺប្រាសចាកពីការពិត

(ឡាអេ)៖ នៅថ្ងៃសុក្រនេះ អ៉ីស្រាអែល បានឡើងការពារការចោទប្រកាន់ ជុំវិញលទ្ធភាពដែលអាចមានអំពើប្រល័យពូជសាសន៍ ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា នៅតុលាការយុត្តធម៌អន្តរជាតិ (ICJ) បន្ទាប់ពីអាហ្រ្វិកខាងត្បូងស្នើក្រុមចៅក្រម បង្គាប់ឱ្យអ៉ីស្រាអែលផ្អាកសកម្មភាពយោធានៅទីក្រុង Rafah ហើយដកទ័ពទាំងស្រុងចេញពីដែនដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០២៤។

ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំហូឡង់ លោក Vusimuzi Madonsela បានស្នើ ICJ បង្គាប់អ៉ីស្រាអែលឱ្យដកកងទ័ពទាំងអស់ ចេញជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌពីទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកច្បាប់អាហ្រ្វិកខាងត្បូង បានកត់ត្រាប្រតិបត្តិការយោធាអ៉ីស្រាអែល ជាផ្នែកនៃផែនការប្រល័យពូជសាសន៍ ដែលមានបំណងលុបបំបាត់ប្រជាជនប៉ាឡេស្ទីន។

មន្រ្តីក្រសួងយុត្តិធម៌អ៉ីស្រាអែល លោក Gilad Noam បានចាត់ទុកករណីបណ្តឹងរបស់អាហ្វ្រិកខាងត្បូង​ ដែលចោទអ៉ីស្រាអែល ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ គឺប្រាស់ចាកពីការពិត និងកាលៈទេសៈ។ លោក Noam បញ្ជាក់ថា «បណ្តឹងរបស់អាហ្រ្វិកខាងត្បូង គឺប្រៀបបីដូចជាការប្រមាថមើលស្រាល ចំពោះភាពសាហាវឃោរឃៅនៃអំពើប្រល័យពូជសាសន៍»

គួរបញ្ជាក់ថា នៅមុនពេលការឡើងការពារនេះ ក្រុមបាតុករគាំទ្រអ៉ីស្រាអែលរាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅ ICJ ដោយលើករូបថតចំណាប់ខ្មាំង ដែលត្រូវក្រុមហាម៉ាសចាប់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា និងទាមទារឱ្យមានការដោះលែងពួកគេ៕