កងទ័ពអ៊ុយក្រែន បន្តដកថយចេញពីទីតាំងមួយចំនួន ក្នុងតំបន់ Kharkiv ខណៈរុស្ស៉ីបង្កើនការវាយលុក

(កៀវ)៖ កងកម្លាំងរុស្ស៉ី បាន និងកំពុងបង្កើនការវាយប្រហារដោយបានវាយចូលទៅក្នុងទីក្រុង Vovchansk នៃតំបន់ Kharkiv ហើយ ដោយបង្ខំឱ្យកងកម្លាំងអ៊ុយក្រែនដកថយ ចេញពីទីតាំងមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។

ការវាយលុកថ្មីនេះរបស់កងកម្លាំងរុស្ស៉ី បានធ្វើឱ្យកងកម្លាំងអ៊ុយក្រែន ដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខនៅឯភាគខាងកើត និងភាគខាងត្បូង បាត់បង់ការផ្តោតអារម្មណ៍ ក្នុងសមរភូមិសង្រ្គាម។ បើតាមមន្ត្រីអ៊ុយក្រែន នៅទីក្រុង Vovchansk «ស្ថានភាពគឺពិតជាលំបាកខ្លាំង។ សត្រូវ (រុស្ស៉ី) កំពុងគ្រប់គ្រងផ្លូវនានានៃទីក្រុង Vovchansk»។ ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិអ៊ុយក្រែន Dmytro Lazutkin ក៏បានឱ្យដឹងដែរថាទ័ពជើងគោករបស់រុស្ស៉ីបានចូលដល់ក្នុងទីក្រុង Vovchansk។

ទាហានអ៊ុយក្រែន បានវាយរុញច្រាន និងគ្រប់គ្រងបានផ្នែកខ្លះៗមកវិញ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃពុធនោះដែរបាននិយាយថាកងកម្លាំង របស់ខ្លួនបានវាយដណ្ដើមបានទីតាំង ២បន្ថែមក្នុងតំបន់ Kharkiv និងមួយទីតាំងទៀត នៅតំបន់ Zaporizhzhia ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា មនុស្សជិត ៨,០០០នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង Vovchansk និងតំបន់ព្រំដែនចាប់តាំងពីការវាយលុករបស់រុស្ស៉ី លើតំបន់ Kharkiv កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕