រដ្ឋបាលលោក បៃដិន មានគម្រោងបញ្ជូនអាវុធទំហំ ១ពាន់លានដុល្លារឱ្យអ៉ីស្រាអែល ទោះបារម្ភពីទីក្រុង Rafah

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជូនដំណឹងដល់សភាកាលពីថ្ងៃអង្គារ ទី១៤ ខែឧសភា ពីផែនការដឹកជញ្ជូនអាវុធទំហំទឹកប្រាក់ ១ពាន់លានដុល្លារទៅឱ្យអ៉ីស្រាអែល តែមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីគំរាមបញ្ឈប់ការផ្ដល់អាវុធមួយចំនួន ជុំវិញការវាយប្រហារលើទីក្រុង Rafah។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានបញ្ជាក់ថារដ្ឋបាលលោក បៃដិន បានជូនដំណឹងជាផ្លូវការពីផែនការបញ្ជូនអាវុធឱ្យអ៉ីស្រាអែល ទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិករួចរាល់ហើយ ខណៈមន្ត្រីសភាម្នាក់ក៏បាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថាអាវុធទាំងនោះត្រូវបានទិញពីក្រុមហ៊ុនផលិតអាវុធអាមេរិកក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ។ មួយវិញទៀត កញ្ចប់ជំនួយអាវុធ ទាំងនេះនឹងត្រូវយកចេញពីកញ្ចប់ថវិកា ៩៥ពាន់លានដុល្លារ ដែលទើបតែត្រូវបានសភាអាមេរិកអនុម័តថ្មីៗនេះសម្រាប់ផ្ដល់ជំនួយដល់អ៊ុយក្រែន អ៉ីស្រាអែល និងតៃវ៉ាន់៕