យ៉ាងហោចណាស់មនុស្ស ១៥នាក់បានរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៉ីលើអគារខ្ពស់មួយនៅទីក្រុង Kharkiv

(គៀវ)៖ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារតាមអាកាសរបស់រុស្សីទៅលើកណ្តាលទីក្រុង Kharkiv ក្នុងប្រទេសអ៊ុយក្រែន បានវាយប្រហារចំទៅលើអគារលំនៅដ្ឋានខ្ពស់មួយ ដោយបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៥នាក់រងរបួស ក្នុងនោះមានកុមារពីរនាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើអាវុធប្រភេទណាដែលត្រូវបានប្រើ នៅក្នុងការវាយប្រហារនោះទេ ប៉ុន្តែវាបានធ្លាក់នៅជាន់ទី១០ នៃអគារផ្ទះល្វែងមួយដែលមានកម្ពស់១២ជាន់។

មេប៉ូលីសក្រុងបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករបួស។

ដោយឡែក អភិបាលស្រុក លោក Oleh Sinyhopov បាននិយាយថា មនុស្សម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកបានបន្ថែមថា អគ្គីភ័យបានឆាបឆេះនៅកន្លែងផ្សេងទៀត ហើយយានដ្ឋានយ៉ាងហោចណាស់ចំនួន១០ត្រូវបានរងការខូចខាត៕