លោក ណេតាន់យ៉ាហ៊ូ ថាអ៉ីស្រាអែលត្រៀមខ្លួនជាស្រេច ដើម្បីតស៊ូប្រយុទ្ធតែម្នាក់ឯង ក្រោយទទួលសារព្រមានពីលោក បៃដិន

(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា បាននិយាយថាអ៉ីស្រាអែល បានត្រៀមខ្លួនរួចស្រេចដើម្បីតស៊ូប្រយុទ្ធតែម្នាក់ឯង ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនព្រមានបញ្ឈប់ការ ផ្គត់ផ្គង់អាវុធមួយចំនួន ប្រសិនបើវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងក្រោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ CNN កាលពីថ្ងៃពុធសប្ដាហ៍នេះថាលោកនឹងបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនទៅឱ្យអ៉ីស្រាអែល ដែលអាចនឹងត្រូវបានយកទៅប្រើ ក្នុងការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុង Rafah ដែលជាជម្រកដ៏សំខាន់មួយសម្រាប់ប្រជាជនប៉ាឡេស្ទីនជាង ១.៤លាននាក់ ក្នុងតំបន់ហ្កាហ្សា។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក ណេតាន់យ៉ាហ៊ូ មិនបាននិយាយចំឈ្មោះលោក បៃដិន ឬសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា «ប្រសិនបើយើងត្រូវតែតស៊ូតែម្នាក់ឯង នោះយើងនឹងតស៊ូម្នាក់ឯង»

គួរបញ្ជាក់ថា ទោះបីជាមានការព្រមានពីលោក បៃដិន ជុំវិញការផ្គត់ផ្គង់អាវុធឱ្យអ៉ីស្រាអែលក៏ដោយ ក៏ក្រុមអ្នកវិភាគនៅតែយល់ថាវានឹងមិនជះឥទ្ធិពល ភ្លាមៗលើសង្រ្គាមក្នុងតំបន់ហ្កាហ្សាសព្វថ្ងៃនោះទេ៕