សហរដ្ឋអាមេរិក បញ្ជូននាវាពិឃាដធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈមេដឹកនាំតៃវ៉ាន់ថ្មីត្រៀមស្បថចូលកាន់តំណែង

(តៃប៉ិ)៖ នាវាពិឃាដមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ទី៨ ខែឧសភា ខណៈមិនដល់២សប្ដាហ៍ទៀតទេ មេដឹកនាំថ្មី របស់តៃវ៉ាន់នឹងស្បថចូលកាន់តំណែងជាផ្លូវការ ដោយជំរុញឱ្យមានការថ្កោលទោសទាំងការខឹងសម្បារពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនបានចាត់ទុកតៃវ៉ាន់ត្រឹមត្រែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ និងថាមានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែសហរដ្ឋអាមេរិក និងតៃវ៉ាន់បានអះអាងថាច្រកសមុទ្រនេះ គឺជាដែនទឹកអន្តរជាតិ។ កងនាវាទី៧ របស់សហរដ្ឋអាមេរិកបាននិយាយថានាវាពិឃាដប្រដាប់ដោយមីស៊ីល USS Halsey បានដឹកនាំការធ្វើប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រ តាមទម្លាប់ធម្មតា កាលពីថ្ងៃពុធ កាត់តាមដែនទឹកជាទីដែលសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ។

តែយ៉ាងណាក៏ដោយ យោធាចិនបានចាត់ទុកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយនាវាពិឃាដអាមេរិក គឺជាការបំភ្លៃសាធារណជន ហើយថាខ្លួនបានបញ្ជូននាវា និងយន្ដហោះចម្បាំងតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងអាមេរិក៕