កោះកុង÷ បន្ទាប់ពីមានភាពរាំងស្ងួតក្នុងរដូវប្រាំង អស់រយៈពេលជាច្រើនខែមក នេះ ស្រាប់តែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ លាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំង បង្កឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តកោះកុង ខូចខាតដំបូលបន្តិចបន្តួច និងបង្កឲ្យប៉ះពាល់ដល់ផ្ទះបាយមណ្ឌលជីវិតថ្មី ១ខ្នង ក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់ជនជ័យ ក្រុងខេមរៈភូមិន្ទ រងការខូចខាត ដោយទឹកហូរស្រស់ស្រុតបាក់ការ៉ូទាំងស្រុង។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន លោក ស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់ មានជ័យបានឱ្យដឹង នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤ នេះថា កាលពីរសៀលថ្ងៃចន្ទ ទី ៦ ខែឧសភា ឆ្នាំ ២០២៤ មានភ្លៀងធ្លាក់មួយមេធំ លាយឡំដោយខ្យល់បក់បោកយ៉ាងខ្លាំង បង្កឲ្យប៉ះពាល់ដល់ដំបូងផ្ទះប្រជាពលរដ្ឋក្នុងក្រុងខេមរៈភូមិន្ទ និងស្រុកមណ្ឌលសីមា មួយចំនួនខូចខាតបន្តិចបន្តួច ប៉ុន្តែនៅមណ្ឌលជីវិតថ្មី បានបង្កឱ្យប៉ះពាល់ស្រុតបាក់ការ៉ូទាំងស្រុង ដោយសារទឹកហូរស្រស់ក្រោមខឿន តែមិនមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។ ហើយបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ក៏មានភ្លៀងរលឹមធ្លាក់ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា បន្ទាប់ពីមានភាពរាំងស្ងួតអស់រយៈពេលជាច្រើនខែមកនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីទឹកប្រើប្រាស់ តែការព្រួយបារម្ភប្រែក្លាយទៅជាការរីករាយ ខណៈមានភ្លៀងធ្លាក់យ៉ាងខ្លាំងស្រោចស្របមកលើព្រះធរណី ដោយនាំមកនូវលាយឡំខ្យល់បោកផងនោះ តែមិនមានផលប៉ះពាល់គ្រោះថ្នាក់ណាមួយដល់អាយុជីវិតប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនោះឡើយ។ ហើយបន្ទាប់មកនៅថ្ងៃទី ៨ ខែឆ្នាំដដែល មានភ្លៀងរលឹមធ្លាក់បន្ថែមទៀត ដែលធ្វើឲ្យមនុស្សម្នា និងរុក្ខជាតិនានាទាំងឡាយ រីករាយ ស្រស់ថ្លា និងមានភាពល្អស្រស់បំព្រង៕ ដោយ សេន ពិសិដ្ឋ