(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva បានដាក់សំណើទៅកាន់សភា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីប្រកាសភាពអាសន្នបន្ទាប់ពី ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់៨៥នាក់ នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤។
អាជ្ញាធរការពារជនស៉ីវិលរបស់រដ្ឋ បានឱ្យដឹងថា មនុស្សជាង ១៣០នាក់បន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះទឹកជំនន់ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់ ២ភាគ ៣នៃទីក្រុងជិត ៥០០ ក្នុងរដ្ឋ Rio Grande do Sul ហើយបង្ខំឱ្យមនុស្សជាង ១៥០,០០០នាក់ ត្រូវផ្លាស់ទីលំនៅ។ ទឹកជំនន់បានបំផ្លាញផ្លូវ និងស្ពានជាច្រើននៅក្នុង ទីក្រុងមួយចំនួន បង្កជាបំណាក់ដី និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញធំធេង។
ចំណាត់ការរបស់លោក Lula ដែលបានស្នើទៅកាន់សភាឱ្យប្រកាសភាពអាសន្ន អនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកប្រើប្រាស់កញ្ចប់ថវិកាបន្ថែម ដោយមិនចាំបាច់អនុវត្តតាម ការត្បិតត្បៀបលើការចំណាយដែលត្រូវបានកំណត់ក្នុងច្បាប់សាពេពន្ធដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២៣ឡើយ។
គួរបញ្ជាក់ថា ស្ថានីយឧតុនិយម MetSul Meteorologia របស់ប្រេស៉ីល បានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទ លក្ខខណ្ឌអាកាធាតុមានភាពប្រសើរឡើងហើយ ប៉ុន្តែភ្លៀងអាចនឹង ធ្លាក់ក្នុងកម្រិតតិចជាងមុននៅសប្តាហ៍នេះ ចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែឧសភា៕