សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្ដចំនួន៦ ក្នុងនោះ៤កំពុងដំណើរការ និង២ស្ថិតក្នុងដំណាក់កាលសាកល្បង

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមានរោងចក្រដំឡើងរថយន្ដសរុបចំនួន៦ ដោយកុ្នុងនោះមានរោងចក្រចំនួន៤ កំពុងដំណើរការ ខណៈ២រោងចក្រទៀត កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុកវិនិយោគ៣៧លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រោងចក្រដំឡើងរថយន្ដទាំង៦នោះ ស្ថិតនៅភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ, កោះកុង, ពោធិ៍សាត់, ស្វាយរៀង, កណ្ដាល និងរាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «គិតត្រឹមពេលនេះ កម្ពុជាយើងមានរោងចក្រសរុប៦ ដែលក្នុងនោះ៤កំពុងដំណើរការ និង២កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ដែលមានទីតាំងស្ថិតនៅខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តស្វាយរៀង, ខេត្តកណ្តាល និងរាជធានីភ្នំពេញ»។

ដោយឡែក សម្រាប់រោងចក្រដំឡើងរថយន្តតូយ៉ូតា នៅពេលនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អសម្រាប់វិស័យឧស្សាហកម្ម នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាទៀតផង។

សម្ដេចបន្ថែមថា ក្រុមហ៊ុនតូយ៉ូតាមានវត្តមាននៅកម្ពុជាតាំងពីសម័យអ៊ុនតាក់ ហើយក្លាយជានិម្មិតរូបនៃការរីកចម្រើនលើអាជីវកម្មរបស់ខ្លួន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា វត្តមានរោងចក្រតូយ៉ូតានាពេលនេះ ដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធ រវាងកម្ពុជា ជាមួយភាគីមិត្តជប៉ុន។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវសុទិដ្ឋិយម និងក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលនៃសុខសន្ដិភាព ស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេងប្រកបជវភាពរបស់កម្ពុជា និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា នឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះ ជាបន្តបន្ទាប់ទៀត។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, កម្ពុជាត្រូវបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ចក្ខុវិស័យររបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅ​កម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្នែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើន សេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាប័ន្ន, ការបង្កើតការងារ, ការបង្កើនប្រាក់ចំណូលសមស្រប និងជីវភាពកាន់តែប្រសើរ ឡើងជូនបងប្អូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងដែរថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្ខំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕