(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា តួកគីនឹងចូលរួមជាមួយប្រទេសអាហ្រ្វិកខាងត្បូង ក្នុងបណ្តឹងប្រឆាំងអ៉ីស្រាអែល នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោក Fidan បានបញ្ជាក់ថា «នៅពេលបញ្ចប់អត្ថបទ ផ្លូវច្បាប់នៃការងាររបស់យើង យើងនឹងដាក់សេចក្តីប្រកាសអន្តរាគមផ្លូវការ នៅចំពោះមុខ ICJ ជាមួយនឹងវត្ថុបំណងនៃការអនុវត្តសេចក្តីសម្រេចផ្នែក នយោបាយបែបនេះ។ តួកគីនឹងបន្តគាំទ្រប្រជាជនប៉ាឡេស្ទីន នៅគ្រប់កាលៈទេសៈទាំងអស់»។
គួរបញ្ជាក់ថា កាលពីខែមករា តុលាការ ICJ បានបង្គាប់ឱ្យអ៉ីស្រាអែល ពិនិត្យឡើងវិញរាល់សកម្មភាពទាំងអស់ ដែលអាចស្ថិតនៅក្រោមអនុសញ្ញា ប្រល័យពូជសាសន៍ និងដើម្បីធានាថាកងទ័ពរបស់ខ្លួន មិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងប៉ាឡេស្ទីន បន្ទាប់ពីអាហ្វ្រិកខាងត្បូងចោទប្រកាន់ អ៉ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា៕