(យូអិន)៖ ក្រុមអ្នកជំនាញឃ្លាំមើលការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងកូរ៉េខាងជើង បានឱ្យដឹងថាបំណែកនៃមីស៊ីលមួយគ្រាប់ដែលបានធ្លាក់ នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករាកន្លងទៅ គឺជាប្រភេទមីស៊ីលបាលិស្ទីគ Hwasong-11 របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងរបាយការណ៍មួយមានកម្រាស់ ៣២ទំព័រផ្ញើទៅកាន់គណៈកម្មាធិការមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ក្រុមអ្នកជំនាញខាងលើបានធ្វើការសន្និដ្ឋានថាបំណែកដែលគេយក ចេញពីមីស៊ីលមួយគ្រាប់ក្នុងទីក្រុង Kharkiv កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ គឺជាមីស៊ីលបាលិស្ទីគ Hwasong-11 របស់កូរ៉េខាងជើងដែលនេះគឺជាការរំលោភបំពានលើទណ្ឌកម្ម ហាមឃាត់ការនាំចេញអាវុធរបស់កូរ៉េខាងជើង។
ក្រុមអ្នកជំនាញ UN ៣រូបដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនកាលពីដើមខែមេសានេះ ដើម្បីត្រួតពិនិត្យលើបំណែកមីស៊ីលមិនបានរកឃើញភស្តុតាងថាមីស៊ីលនោះត្រូវបាន ផលិតដោយរុស្ស៉ីនោះទេ ហើយក៏មិនទាន់អាចបញ្ជាក់បានពីទីតាំងបាញ់ចេញ ឬបាញ់ចេញដោយនរណានោះដែរ។ តាមក្រុមអ្នកជំនាញ UN មីស៊ីលបាលិស្ទីគ Hwasong-11 ត្រូវបាន កូរ៉េខាងជើងធ្វើតេស្ដជាលើកដំបូងដោយទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៩។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនតួយ៉ាងកូរ៉េខាងត្បូង បានចោទប្រកាន់ថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី យកទៅប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ទាំងរុស្ស៉ី និងកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់បែបនេះ ប៉ុន្តែបានប្ដេជ្ញាពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែស៊ីជម្រៅ៕