ប្រមុខ NATO៖ មិនទាន់យឺតពេលពេកនោះទេ ដើម្បីជួយអ៊ុយក្រែន យកឈ្នះរុស្ស៉ី

(បែរឡាំង)៖ ប្រមុខអង្គការ NATO លោក Jens Stoltenberg បាននិយាយថាវាមិនទាន់យឺតពេលពេកនោះទេ សម្រាប់អ៊ុយក្រែនយកឈ្នះលើរុស្ស៉ី ដរាបណាសម្ព័ន្ធមិត្ត លោកខាងលិចបំពេញតាមពាក្យសន្យារបស់ខ្លួន ក្នុងការប្រគល់អាវុធបន្ថែមទៅឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Jens Stoltenberg ធ្វើការកត់សម្គាល់បែបនេះ ក្នុងសុន្ទរកថាមួយនាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា។ លោកប្រមុខ NATO បានទទួលស្គាល់ថាក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្ព័ន្ធមិត្ត NATO មិនបានផ្ដល់អាវុធឱ្យអ៊ុយក្រែនតាមការសន្យានោះទេ តែទោះជាបែបនេះក្ដី វាមិនទាន់យឺតពេលនោះទេ សម្រាប់អ៊ុយក្រែនយកឈ្នះលើរុស្ស៉ី ពីព្រោះការគាំទ្របន្ថែមកំពុងធ្វើឡើង។

គួរបញ្ជាក់ថា អ៊ុយក្រែន បានបាត់បង់ទឹកដីជាបន្តបន្ទាប់នាមួយរយៈកាលចុងក្រោយនេះចំពោះមុខការវាយលុករបស់កងទ័ពរុស្ស៉ី ដោយសារតែការខ្វះខាតគ្រាប់រំសេវ និងអាវុធ។ ប៉ុន្តែ លោក Stoltenberg បានកត់សម្គាល់ថាសភាទាំង២របស់សហរដ្ឋអាមេរិក នៅទីបំផុតទៅបានអនុម័តកញ្ចប់ជំនួយយោធាថ្មីទំហំរាប់សិបពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈប្រទេសដទៃទៀតដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ និងហូឡង់ ក៏បានសន្យាផ្ដល់អាវុធបន្ថែមឱ្យទីក្រុងកៀវផងដែរ៕