តុលាការវៀតណាម ផ្តន្ទាទោសសេដ្ឋីក្រុមហ៊ុនភេសជ្ជៈធំមួយ ឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ក្នុងសំណុំរឿងឆបោក៤០លានដុល្លារ

(ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍នេះ សេដ្ឋីក្រុមហ៊ុនភេសជ្ជៈវៀតណាមមួយរូប ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៨ឆ្នាំ ក្នុងសំណុំរឿងឆបោកទំហំ៤០លានដុល្លារ ខណៈប្រទេសអាស៊ានមួយនេះ កំពុងបន្តដំណើរការយ៉ាងក្តៅគគុក នូវយុទ្ធនាការបោសសំអាត​អំពើពុករលួយ ដែលបានមើលឃើញ មនុស្សសរុបច្រើនជាង៤,៤០០នាក់ រងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ក្នុងនោះរួមមានទាំង​មន្រ្តីរដ្ឋាភិបាល និងពាណិជ្ជករជាន់ខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

តុលាការនៅទីក្រុងហូជីមិញ បានរកឃើញថា លោក Tran Qui Thanh រួមទាំងកូនស្រី២នាក់របស់លោក ពិតជាមានកំហុសប្រាកដមែន សម្រាប់ការបោកប្រាស់វិនិយោគិន ជុំវិញការផ្តល់ប្រាក់កម្ចីកាលពីចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងទៅ។ លោក Thanh អាយុ៧១ឆ្នាំ ដែលជាប្រធានគណៈប្រឹក្សាភិបាលក្រុមហ៊ុនភេសជ្ជៈ Tan Hiep Phat ត្រូវបានតុលាការរកឃើញថា ពិតជាបានធ្វើសកម្មភាពដើម្បីបន្លំ​យកទ្រព្យសម្បត្តិ គិតជាប្រាក់រាប់សិបលានដុល្លារ ដែលកូនបំណុលខ្លួនបានយកទៅដាក់បញ្ចាំ ដើម្បីខ្ចីប្រាក់។ សូម្បីនៅពេលពួកគេទូទាត់បង់ប្រាក់​អស់វិញ ទាំងជាមួយការប្រាក់ក៏ដោយ លោក Thanh បានបដិសេធប្រគល់ទ្រព្យសម្បតិ្តទាំងនោះឱ្យម្ចាស់ដើម ក្រោមហេតុផលផ្សេងៗ រួមមានទាំង​ការអះអាងថា ពួកគេបាត់បង់សិទ្ធិទិញយកទៅវិញ ដោយសារតែបំពានកិច្ចសន្យា ជាដើម។

តុលាការក៏បានផ្តទ្ទាទោសផងដែរ ចំពោះកូនស្រីអាយុ៤៣ឆ្នាំរបស់លោក Thanh ឈ្មោះ Tran Uyen Phuong ដែលជានាយក​ប្រតិបត្តិរង របស់ក្រុមហ៊ុន Tan Hiep Phat ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ។ រីឯកូនស្រីលោកម្នាក់ទៀត ឈ្មោះ Tran Ngoc Bich អាយុ​៤០ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែទោសនោះត្រូវបានព្យួរ។ Tan Hiep Phat គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ធំមួយ​ប្រចាំនៅប្រទេសវៀតណាម ដែលមានឈ្មោះល្បីខាងផលិតផលតែកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំង ជាច្រើនមុខ៕