ទីក្រុង Rafah មុនបើកការវាយលុកជើងគោក

(ហ៊្សេរុយសាឡិម)៖ មន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរបស់អ៉ីស្រាអែល បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាអ៉ីសា្រអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសជនស៉ីវិលប៉ាឡេស្ទីន ចេញពីទីក្រុង Rafah ហើយនឹងបើកការវាយលុកជើងគោក ទៅលើទីតាំងរបស់ក្រុមហាម៉ាស ក្នុងទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សាមួយនេះ ទោះជាមានការព្រមានជាអន្តរជាតិអំពី មហន្តរាយធ្ងន់ធ្ងរក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និយាយថា អ៉ីស្រាអែលកំពុងឆ្ពោះទៅមុខ ជាមួយនឹងប្រតិបត្តិការជើងគោក ប៉ុន្តែបានមិនប្រាប់ពេលវេលាជាក់លាក់ នោះទេ។ ចំណែក មន្រ្តីការពារជាតិនិយាយថា ក្រសួងការពារជាតិអ៉ីស្រាអែល បានទិញតង់ចំនួន ៤០,០០០ ដែលក្នុងមួយតង់អាចស្នាក់នៅបានពី ១០នាក់ទៅ ១២នាក់ សម្រាប់ចែកឱ្យ ប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅចេញពីទីក្រុង Rafah មុនពេលធ្វើការវាយលុក។

គណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសង្រ្គាមរបស់ លោក Netanyahu គ្រោងជួបប្រជុំគ្នានៅពីរសប្តាហ៍ខាងមុខ ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៉ីវិល ដោយរំពឹងថានឹងអាចប្រើពេល ១ខែ។ មន្រ្តីការពារជាតិមួយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters ថាយោធាអ៉ីស្រាអែល អាចធ្វើសកម្មភាពបានភ្លាមៗ ដោយរង់ចាំការអនុញ្ញាតពីលោក Netanyahu ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីក្រុង Rafah របស់តំបន់ហ្កាហ្សាដែលនៅកៀកជាប់ព្រំដែនអេហ្ស៉ីប កំពុងផ្តល់ជម្រកដល់ជនជាតិប៉ាឡេស្ទីនជាង ១លាននាក់ ដែលភៀសខ្លួនចេញពីការវាយលុករបស់ អ៉ីស្រាអែល រយៈពេលកន្លះឆ្នាំមកនេះ៕