លោក Blinken បដិសេធការលើកឡើងថា សហរដ្ឋអាមេរិកអនុវត្តស្តង់ដារពីរ ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សរបស់អ៉ីស្រាអែល

(វ៉ាស៉ីនតោន)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានច្រានចោលនូវការលើឡើងដែលថា ទីក្រុងវ៉ាស៉ីនតោនមាន «ស្តង់ដារពីរ» នៅពេលអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ពីការរំលោភបំពាន ដោយយោធាអ៉ីស្រាអែលនៅឯតំបន់ហ្កាហ្សា ហើយថាដំណើរការពិនិត្យលើ ការចោទប្រកាន់បែបនេះកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក លោក Blinken បានលើកជាសំណួរឡើងថា «តើយើងមានស្តង់ដារពីរឬ? ចម្លើយ គឺគ្មានទេ។ ជាទូទៅ ដូចដែលយើងកំពុង​ពិនិត្យលើបញ្ហា និងស្ថានភាពសិទ្ធិមនុស្សជុំវិញពិភពលោក យើងអនុវត្តស្តង់ដារដូចៗគ្នា។ វាគ្មានការផ្លាស់ប្តូរទេ មិនថាចំពោះ ប្រទេសជាគូប្រជែង ឬសម្ព័ន្ធមិត្ត»

លោក Blinken បានបន្ថែមថា «នៅពេលនិយាយពីការចោទប្រកាន់លើឧទ្ទវហេតុណាមួយ ឬការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ឬការរំលោភសិទ្ធិ… យើងកំពុងធ្វើការ ហើយពិនិត្យលើឧទ្ទវហេតុដែលកាន់តែកើនឡើង។ ការពិនិត្យកំពុងស្ថិតក្នុងដំណើរការ»។ យ៉ាងនេះក្តី លោក Blinken បានបដិសេធមិនបញ្ជាក់ច្បាស់ថាដំណើរការវាយតម្លៃ អាចនឹងរួចរាល់នៅពេលណានោះទេ៕