(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវ ដើម្បីបំពេញភាពខ្វះចន្លោះ ឲ្យមានភាពល្អប្រសើរ។
ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ចំពោះការអនុវត្តការងារជាច្រើនកន្លងមកបានល្អប្រសើរ ហើយការងារដែលមិនទាន់អនុវត្តបានល្អ ត្រូវចូលរួមអនុវត្តបន្ថែមទៀត ដោយធ្វើការប្រមើលមើលនូវបទពិសោធន៍ល្អៗ ដែលជាលទ្ធផលអនុវត្តបានល្អកន្លងមក។ ក្នុងនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំកម្រិតអគ្គនាយកដ្ឋាន ជាពិសេសកម្រិតនាយកដ្ឋានជំនាញត្រូវតែមានការជួបប្រជុំក្រុមការងារឱ្យបាន២ដង ក្នុងមួយសប្តាហ៍ ក្នុងការដាក់ចេញផែនការ និងពិនិត្យវឌ្ឍនភាពការងារជាប្រចាំ ដើម្បីអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយនូវទស្សនវិស័យរបស់ក្រសួងសុខាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ក្នុងនោះគោលដៅដែលត្រូវយកចិត្តទុកដាក់ គឺត្រូវកាត់បន្ថយអត្រាឈឺដោយជំងឺមិនឆ្លង ជំរុញនូវការលើកកម្ពស់សុខភាពបន្តពូជ ម្តាយ និងទារក បង្កើនសមត្ថភាពស្ថាប័ន ដើម្បីផ្លាស់ប្តូរការដឹកនាំឱ្យត្រូវនឹងបរិបទបច្ចុប្បន្ន ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន អង្គភាព ព្រមទាំងភាគីពាក់ព័ន្ធទាំងឡាយ។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក្រើនរំលឹកដល់ថ្នាក់ដឹកនាំត្រូវត្រៀមចំពោះបញ្ហាប្រឈមចំពោះមុខ ដូចជា ឆ្លើយតបជាមួយតម្រូវការរបស់ប្រជាពលរដ្ឋទាក់ទងនឹងជំងឺឆ្លង សុខភាពសាធារណៈ ដោយបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព រហូតដល់កាត់បន្ថយនូវជំងឺរ៉ាំរ៉ៃ ដែលអាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងតាមដានការងារទប់ស្កាត់ជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់។ល។
សូមបញ្ជាក់ផងដែរកិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង ប្រធានាយកដ្ឋាន នៃក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំដែលជាទីប្រឹក្សានៅតាមបណ្តាខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕