តុលាការធម្មនុញ្ញឥណ្ឌូណេស៉ី ច្រានចោលការតវ៉ាលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលរដ្ឋមន្រ្តីការពារជាតិលោក Prabowo Subianto ជាអ្នកទទួលជ័យជម្នះ

(ហ្សាការតា)៖ នៅថ្ងៃចន្ទនេះ តុលាការធម្មនុញ្ញនៃប្រទេសឥណ្ឌូណេស៉ី បានច្រានចោលការតវ៉ាចំពោះលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលរដ្ឋមន្រ្តីការពារជាតិលោក Prabowo Subianto ជាអ្នកទទួលជ័យជម្នះ បន្ទាប់ពីគូប្រជែងរបស់លោក បានចោទប្រកាន់ថា វាបានប្រព្រឹត្តទៅដោយគ្មានភាពយុត្តិធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

លោក Prabowo វ័យ៧២ឆ្នាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែកុម្ភៈកន្លងទៅ ដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់ឥណ្ឌូណេស៉ី ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតលំដាប់ទី៣ នៅលើពិភពលោក ហើយលោកបានឈ្នះក្នុងសំឡេងគាំទ្រ មានគម្លាតដាច់ឆ្ងាយថែមទៀត បើធៀបជាមួយអតីតអភិបាលទីក្រុងហ្សការតា លោក Anies Baswedan ព្រមទាំងគូប្រជែងម្នាក់ទៀត។ លោក Prabowo ទទួលបានសំឡេងគាំទ្រដល់ទៅ ៥៨.៦ភាគរយ ខណៈលោក Anies ទទួលបានត្រឹម២៤.៩ភាគរយ។

លោក Prabowo បានរងការចោទប្រកាន់ថា ត្រូវបានជួយជ្រោមជ្រែងដោយ ប្រធានាធិបតីឥណ្ឌូណេស៉ីចប់អាណត្តិ គឺលោក Joko Widodo ហៅ Jokowi។ កូនប្រុសច្បង អាយុ៣៦ឆ្នាំ របស់លោក Jokowi បានឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី របស់លោក Prabowo បន្ទាប់ពីតុលាការធម្មនុញ្ញ ដែលកាលនោះមានលោក Anwar Usman ត្រូវជាសាច់ថ្លៃរបស់លោក Jokowi បានសម្រេចបន្ថយការកំណត់​អាយុអប្បបរមា សម្រាប់បេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី កាលពីខែតុលា ឆ្នាំមុន។ ចាប់តាំងពី ពេលនោះមក សំឡេងគាំទ្ររបស់លោក Probowo បានស្ទុះឡើងយ៉ាងខ្លាំង នៅក្នុងការស្ទង់មតិជាបន្តបន្ទាប់ ហើយលោក​ត្រូវគេព្យារកថា នឹងជាប់ជាប្រធានាធិបតី ក្នុងការព្យាយាមជាលើកទី៣ ក្រោយបរាជ័យកាលពីឆ្នាំ២០១៤ និង២០១៩ ពេលប្រកួតប្រជែង​ជាមួយលោក Jokowi៕