(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ឌីជីថលូបនីយកម្ម ជាអាទិភាពសំខាន់មួយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះហើយ បានជារាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះក៏មានវិស័យឌីជីថលផងដែរ។
ការបញ្ជាក់របស់ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានធ្វើឡើងនៅក្នុងសន្និសីទកាសែត នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីបង្ហាញលទ្ធផលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានទៅចូលរួម និងថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃ។