(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបដិសេធម្តងហើយម្តងទៀត ក្នុងការបញ្ជាក់អំពីរបាយការណ៍ នៃការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះ ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនមិនពាក់ព័ន្ធនឹងប្រតិបត្តិការវាយប្រហារណាមួយឡើយ ហើយបានប្តេជ្ញាចិត្តកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។
លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅលើកោះ Capri ភាគខាងត្បូងប្រទេសអ៊ីតាលីថា «ខ្ញុំមិនមានអ្វីត្រូវនិយាយពីរឿងនេះទេ ក្រៅពីការនិយាយថាសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងប្រតិបត្តិការវាយប្រហារណាមួយនោះទេ»។
លោកបាននិយាយទៀតថា «អ្វីដែលយើងកំពុងផ្តោតសំខាន់ និងអ្វីដែល G7 កំពុងផ្តោតសំខាន់លើ គឺវាបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ និងការសន្ទនារបស់យើង គឺយើងធ្វើការដើម្បីរំងាប់ភាពតានតឹង និងបញ្ឈប់ការកើនឡើងនៃជម្លោះដែលអាចកើតមាន»។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បានបន្តឆ្លើយតបដដែលៗ ស្ទើរតែគ្មានពាក្យសំដីផ្សេង នៅពេលដែលត្រូវបានសួរអំពីបញ្ហានេះជាច្រើនដង ក្នុងសន្និសីទសារព័ត៌មាន៕