(ប៉េរូត)៖ ក្រុម Hezbollah បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះថា ពួកគេបានប្រើប្រាស់មីស៊ីល និងយន្តហោះដ្រូនគ្មានមនុស្សបើក ដើម្បីបើកការវាយប្រហារលើទីស្នាក់ការកណ្តាល នៃមជ្ឈមណ្ឌលឈ្លបយកការណ៍យោធាអ៊ីស្រាអែល នៅក្នុងភូមិ Arab Aramshei ភាគខាងលិចតំបន់ Galilee។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
ក្រុមប្រដាប់អាវុធលីបង់បាននិយាយថា ការវាយប្រហារនេះដែលធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសម្លាប់សមាជិក និងមេបញ្ជាការរបស់ខ្លួន ពីសំណាក់អ៊ីស្រាអែលនេះ បានបណ្តាលឱ្យមានអ្នករងរបួសក្នុងចំណោមបុគ្គលិក របស់មជ្ឈមណ្ឌលខាងលើ។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល បានរាយការណ៍ថា មានមនុស្ស ១៤ នាក់បានរងរបួស នៅក្នុងការវាយប្រហាររបស់ក្រុម Hezbollah ដែល៤នាក់ក្នុងចំណោមពួកគេ រងរបួសធ្ងន់ធ្ងរ។
ជាការឆ្លើយតប កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស ទៅលើប្រភពនៃការបាញ់ផ្លោងនោះ និងបានវាយប្រហារអគារយោធា Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងអ៊ីស្រាអែល។
គួរជម្រាបថា ភាពតានតឹងបានកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ មួយថ្ងៃបន្ទាប់ពីក្រុម Hezbollah បានបាញ់រ៉ុក្កែតមួយគ្រាប់ចូលទៅក្នុងអ៊ីស្រាអែល ក្នុងការសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល។ បន្ទាប់មក អ៊ីស្រាអែលបានសងសឹកដោយការបាញ់កាំភ្លើងធំចូលភាគអាគ្នេយ៍លីបង់ជាបន្តបន្ទាប់៕