(សេអ៊ូល)៖ នៅថ្ងៃពុធនេះ ប្រជាជនកូរ៉េខាងត្បូង កំពុងនាំគ្នាបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិថ្មី ក្នុងការប្រកួតប្រជែងប្រកៀកប្រកិតមួយ ដែលត្រូវក្រុមអ្នកវិភាគមួយចំនួន មើលឃើញថា អាចជាការស្ទង់ប្រជាមតិចំពោះប្រធានាធិបតីលោក Yoon Suk Yeol ដែលប្រជាប្រិយភាពមានការធ្លាក់ចុះ ចំពោះមុខបញ្ហាផ្សេងៗ និងរឿងអាស្រូវនយោបាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។
យោងតាមគណៈកម្មការបោះឆ្នោតកូរ៉េខាងត្បូង គិតត្រឹមម៉ោង២៖០០នាទីរសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) មនុស្សជិត២៥លាននាក់ហើយ ឬស្មើនឹង៥៦.៤ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅចូលរួមបោះឆ្នោត។ មណ្ឌលបោះឆ្នោតនៅកូរ៉េខាងត្បូង ត្រូវបានបើកកាលពីម៉ោង៦ព្រឹក ហើយនឹងបិទទៅវិញនៅម៉ោង៦យប់។
គណបក្សប្រឆាំងធំជាងគេ Democratic Party (DP) ដែលសព្វថ្ងៃជាអ្នកគ្រប់គ្រងសភាកូរ៉េខាងត្បូង ដែលមាន៣០០អាសនៈ បានចោទប្រកាន់លើលោក Yoon និងគណបក្សរបស់លោក People Power Party (PPP) ថា គ្រប់គ្រងសេដ្ឋកិច្ចប្រទេសមិនបានល្អ ហើយបរាជ័យក្នុងការទប់ស្កាត់អតិផរណា អំឡុងពេលកាន់អំណាចរបស់ខ្លួន។
ចំណែក មេដឹកនាំគណបក្ស PPP លោក Han Dong-hoon បាននិយាយថា ប្រសិនបើគណបក្ស DP ដែលមេដឹកនាំកំពុងប្រឈមមុខ ជាមួយបទចោទប្រកាន់អំពើពុករលួយ ទទួលបានជ័យជម្នះធំ នោះវានឹងបង្កើតវិបត្តិសម្រាប់ប្រទេសមិនខាន។ លោក Han បានព្រមានអំពីការផ្តល់ឱ្យបក្សប្រឆាំង នូវសំឡេងភាគច្រើនលើសលប់ គឺ២០០អាសនៈ នៅក្នុងសភា ដែលនឹងដកអំណាចវេតូពីលោក Yoon៕