ប្រមុខ UN សួរអ៉ីស្រាអែល៖ ហេតុអ្វីបុគ្គលិកមនុស្សធម៌ ១៩៦នាក់ ត្រូវបានសម្លាប់?

(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ ទី៥ ខែមេសាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការស្លាប់របស់ បុគ្គលិកមនុស្សធម៌ ១៩៦នាក់ដែលត្រូវបានសម្លាប់ក្នុងតំបន់ហ្កាហ្សា អំឡុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ការខឹងសម្បារជាសកលជុំវិញវិបត្តិមនុស្សធម៌នៅក្នុងតំបន់ប៉ាឡេស្ទីន ដែលមានប្រជាជនចំនួន ២.៣ លាននាក់បានកើនឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលបានសម្លាប់មនុស្ស ៧ នាក់ដែលធ្វើការឱ្យអង្គការអាហារសប្បុរសធម៌ World Central Kitchen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

អ៉ីស្រាអែលកាលពីថ្ងៃសុក្រនោះដែរ បាននិយាយថាការស៊ើបអង្កេតរបស់ខ្លួនជុំវិញការវាយប្រហារលើក្បួនរថយន្ដដឹកជំនួយរបស់អង្គការ World Central Kitchen បាន រកឃើញពីកំហុសធ្ងន់ធ្ងរ និងការរំលោភបំពានលើបទដ្ឋានស្ដង់ដារ។ យ៉ាងណាក៏ដោយ លោក Guterres បានលើកឡើងថាខណៈរដ្ឋាភិបាលអ៉ីស្រាអែលពិតជាបានទទួល ស្គាល់កំហុស ប៉ុន្តែបញ្ហាមិនមែននៅត្រង់ថាតើនរណាជាអ្នកប្រព្រឹត្តកំហុសនោះទេ វាគឺជាបញ្ហាយុទ្ធសាស្ត្រយោធា និងការអនុវត្តនីតិវិធី ដែលអនុញ្ញាតឱ្យកំហុសទាំងនោះ កើតឡើងម្ដងហើយម្ដងទៀត។ ប្រមុខ​ UN រូបនេះបន្តទៀតថា «បុគ្គលិកជំនួយមនុស្សធម៌១៩៦នាក់ត្រូវបានសម្លាប់ ហើយយើងចង់ដឹងថាហេតុអ្វីបានជាពួកគេម្នាក់ៗ ត្រូវបានសម្លាប់»៕