លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ របស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤របស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនដែលប្រារព្ឋធ្វើឡើងនៅសណ្ឋាគារ អ៊កវ៉ូត(Oakwood)ក្នុងរាជធានីភ្នំពេញ។

ពិធីនេះ ក៏មានការចូលរួមជាអធិបតីពីលោកអ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi)ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនប្រមាណ១៥០រូប។

ក្នុងនាមជាអតីតនិស្សិតជប៉ុន លោករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះកម្មវិធីដ៏មានអត្ថន័យ និងមានភាពរីរីករាយនៅពេលនេះដែលអតីតនិស្សិតខ្មែរដែលធ្លាប់បានសិក្សានៅប្រទេសជប៉ុន មានឱកាសជួបគ្នាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបានជូនពរដល់អតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុនក្នុងឱកាសឆ្នាំថ្មីផងដែរ។

ក្នុងកម្មវិធីជួបជុំដែលធ្វើឡើងមួយឆ្នាំម្តងនាពេលនេះ ក៏មានការលេងល្បែងប្រជាប្រិយ ការច្រៀងរាំកម្សាន្តពីគណអធិបតី និងភ្ញៀវចូលរួមយ៉ាងសប្បាយរីករាយផងដែរ៕