(ញូវដេលី)៖ មេធាវីបាននិយាយថា តុលាការឥណ្ឌានៅថ្ងៃចន្ទនេះ បានសម្រេចបន្តការឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់ឥណ្ឌា គឺលោក Arvind Kejriwal រហូតដល់ថ្ងៃទី ១៥ ខែមេសា ហើយការបន្តឃាត់ខ្លួននេះ កើតមានឡើងតិចជាងបីសប្តាហ៍ប៉ុណ្ណោះ មុនពេលការបោះឆ្នោតសកលចាប់ផ្តើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។
លោក Kejriwal ដែលជាមេបក្សប្រឆាំងលេចធ្លោមួយរូប និងជាប្រមុខរដ្ឋបាលតំបន់ Delhi ត្រូវបានឃាត់ខ្លួនកាលពីចុងខែមីនា បន្ទាប់ពីទីភ្នាក់ងារឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា បានចោទប្រកាន់លោកពីបទពុករលួយទាក់ទង នឹងគោលនយោបាយស្រារបស់ទីក្រុង ដែលគណបក្សរបស់លោកបានបដិសេធ។
គណបក្សប្រឆាំងនិយាយថា ការចាប់ខ្លួននេះ រួមជាមួយនឹងចំណាត់ការរបស់រដ្ឋាភិបាលប្រឆាំងនឹងក្រុមប្រឆាំងផ្សេងទៀត និងមេដឹកនាំរបស់ពួកគេ បង្ហាញថារដ្ឋាភិបាលកំពុងបដិសេធពួកគេក្នុងកម្រិតណាមួយ មិនឱ្យចូលរួមក្នុងការបោះឆ្នោត។
គេហទំព័រ Live Law បាននិយាយថា មេធាវីរបស់ទីភ្នាក់ងារអនុវត្តច្បាប់រដ្ឋាភិបាលបានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោក Kejriwal មិនបានសហការ និងបានផ្តល់ការឆ្លើយតបដោយគេចវេស ដូច្នេះត្រូវឃុំខ្លួនបន្តចំនួន ១៥ ថ្ងៃបន្ថែមទៀត៕