លោក Netanyahu ស្តារឡើងវិញនូវវិធានការបិទទូរទស្សន៍ Al Jazeera របស់កាតា ក្នុងប្រទេសអ៊ីស្រាអែល

(យេរ៉ូសាឡឹម)៖ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu នៅថ្ងៃចន្ទនេះ បានសម្រេចស្តារឡើងវិញនូវវិធានការចាំបាច់នានា ដើម្បីបិទស្ថានីយ៍ទូរទស្សន៍ផ្កាយរណបអ៊ីស្រាអែល-កាតា Al Jazeera ដោយបាននិយាយតាមរយៈអ្នកនាំពាក្យគណបក្សរបស់គាត់ថា សភានឹងកោះប្រជុំនៅពេលល្ងាចនេះដើម្បីអនុម័តច្បាប់ចាំបាច់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់គណបក្ស Likud បាននិយាយថា បន្ទាប់ពីនោះ «លោក Netanyahu នឹងចាត់វិធានការជាបន្ទាន់ ដើម្បីបិទ Al Jazeera ស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់»។ កន្លងមក អ៊ីស្រាអែល​បាន​ចោទប្រកាន់​ស្ថានីយនេះ បាន​ញុះញង់​ប្រឆាំងនឹង​ខ្លួន ក្នុងចំណោម​ទស្សនិកជន​អារ៉ាប់​។

ទាំងការិយាល័យមេរបស់ស្ថានីយ៍នៅអ៊ីស្រាអែល និងរដ្ឋាភិបាលកាតាក្នុងទីក្រុងដូហា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ Al Jazeera ធ្លាប់បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅជាប្រព័ន្ធលើការិយាល័យ និងបុគ្គលិករបស់ខ្លួន។

មែនទែនទៅ មន្ត្រីអ៊ីស្រាអែលបានត្អូញត្អែរជាយូរមកហើយ អំពីការផ្សាយរបស់ Al Jazeera ប៉ុន្តែមិនបានចាត់វិធានការណាមួយទេ ដោយសារតែមានការព្រួយបារម្ភថា ប្រទេសកាតាដែលជាអ្នកផ្តល់មូលនិធិ ដល់គម្រោងសាងសង់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់ភាគីទាំងអស់មើលឃើញថា ជាមធ្យោបាយដើម្បីជៀសវាងជម្លោះ។

ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ទីក្រុងដូហាបានសម្រុះសម្រួលកិច្ចចរចាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ទោះ​ជា​យ៉ាង​ណា ការ​ចរចា​លើ​សំណើ​បទ​ឈប់​បាញ់​លើក​ចុងក្រោយនេះ ហាក់​ដូច​ជា​មិន​ទៅ​ណា​ឆ្ងាយទេ។ កាល​ពី​ខែ​មករា លោក Netanyahu បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​កាតា​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ក្រុម​ហាម៉ាស។

គួរជម្រាបថា ការិយាល័យ​នយោបាយ​របស់​ក្រុម​នេះ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រុម​ហាម៉ាស​មួយ​ចំនួន ​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា៕