(បេរូត)៖ យោធាអ៉ីស្រាអែលបានអះអាងថាខ្លួនបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុម Hezbollah នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើរថយន្ដ មួយគ្រឿង ក្នុងប្រទេសលីបង់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។
តាមយោធាអ៉ីស្រាអែល មេបញ្ជាការក្រុម Hezbollah ខាងលើមានឈ្មោះថា អ៉ីស្មាអែល អាល់ស៊ីន (Ismail Al-Zin) និងជាមេបញ្ជាការម្នាក់នៅក្នុង កងកម្លាំងមីស៊ីលប្រឆាំងរថក្រោះ Radwan។ យោធាអ៉ីស្រាអែល បានគូសបញ្ជាក់ដូច្នេះថា «អាល់ស៊ីន គឺជាមនុស្សម្នាក់ដ៏មានបទពិសោធន៍ខាងមីស៊ីល ប្រឆំាងរថក្រោះ និងជាអ្នកទទួលខុសត្រូវលើការវាយប្រហារដោយប្រើមីស៊ីលប្រឆាំងរថក្រោះប្រឆាំងនឹងជនស៊ីវិល សហគមន៍ និងកងកម្លាំងអ៉ីស្រាអែល»។
គួរបញ្ជាក់ថា ប្រភពមួយស្និទ្ធនឹងក្រុម Hezbollah បានប្រាប់ Reuters ថាលោក អាល់ស៊ីន មិនមែនជាមន្ត្រីជាន់ខ្ពស់ក្នុងក្រុម Hezbollah នោះទេ ប៉ុន្តែ ទទួលស្គាល់ថាលោកមានមុខតំណែងក្នុងកងកម្លាំង Radwan។ គិតមកទល់ពេលនេះ អ៉ីស្រាអែលបានសម្លាប់សមាជិកកងកម្លាំង Radwan ចំនួន២៥នាក់ហើយ ក្នុងនោះមានមេបញ្ជាការ ៣នាក់ ដូចជាលោក Wissma Tawil ជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុម Hezbollah ដែលបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបញ្ជា និងដឹកនាំប្រតិបត្តិការនៅភាគខាងត្បូងលីបង់៕