(ហ្ស៊េរុយសាឡិម)៖ មនុស្សរាប់ម៉ឺននាក់ បាននាំគ្នាចូលរួមធ្វើបាតុកម្មតវ៉ាក្នុងទីក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ដើម្បីប្រឆាំងនឹង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រឆាំងការលើកលែងកាតព្វកិច្ចយោធារបស់ក្រុមជនជាតិជ្វីហ្វកាន់សាសនាតឹងរ៉ឹង ultra-Orthodox Jewish។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងចំណោមក្រុមអ្នកដឹកនាំបាតុកម្មតវ៉ា គេក៏ឃើញមានការចូលរួមផងដែរពីក្រុមបាតុករមួយចំនួនដែលបានដឹកនាំការធ្វើបាតុកម្មយ៉ាងកក្រើក ក្នុងប្រទេសអ៉ីស្រាអែល កាលពីឆ្នាំ២០២៣។ ការប្រមូលផ្ដុំគ្នាតវ៉ាត្រូវបានធ្វើឡើងនៅខាងក្រៅវិមានសភា ដើម្បីទាមទារឱ្យមានការបោះឆ្នោតថ្មីមួយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីជំនួសរដ្ឋាភិបាលសព្វថ្ងៃរបស់លោក ណេតាន់យ៉ាហ៊ូ។ ក្រុមបាតុករក៏បានទាមទារផងដែរឱ្យមានតម្លាភាពក្នុងការអនុវត្តកាតព្វកិច្ច យោធា។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមក្នុងតំបន់ហ្កាហ្សាផ្ទុះឡើង ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនមក ទាហានអ៉ីស្រាអែល ៦០០នាក់ហើយត្រូវបានសម្លាប់៕