ធនាគារពិភពលោកនឹងចេញផ្សាយទិន្នន័យបន្ថែមដើម្បីទាក់ទាញវិនិយោគិនឯកជនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍

(ញូវយ៉ក)៖ ប្រធានធនាគារពិភពលោក (WB) លោក Ajay Banga ឱ្យដឹងថា ធនាគារនឹងចេញផ្សាយទិន្នន័យបន្ថែមទៀតរួមទាំងទិន្នន័យអំពីការបរាជ័យសងបំណុលដោយចាប់ផ្តើមនៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃការជំរុញការទាក់ទាញការវិនិយោគផ្នែកឯកជនកាន់តែច្រើនទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Banga ខណៈថ្លែងនៅឯវេទិកាអភិវឌ្ឍន៍ចិននៅព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុនថា ធនាគារពិភពលោកគ្រុបបានកៀរគរមូលធនឯកជនបានចំនួន ៤១ពាន់លានដុល្លារសម្រាប់ប្រទេសកំពុងរីកលូតលាស់លឿន និងបានប្រមូលប្រាក់បានចំនួន ៤២ពាន់លានដុល្លារផ្សេងទៀតពីការបោះផ្សាយមូលបត្របំណុលពីវិស័យឯកជនកាលពីឆ្នាំមុន ដែលទឹកប្រាក់ទាំងពីរនេះនឹងមានចំនួនច្រើនជាងនេះទៀតនៅឆ្នាំនេះ។ ប៉ុន្តែលោកបានបន្ថែមថា វឌ្ឍនភាពបន្ថែមត្រូវការជាចាំបាច់ ហើយធនាគារពិភពលោកកំពុងចាត់វិធានការលើកិច្ចការមួយចំនួនដើម្បីជម្នះឧបសគ្គដែលរារាំងការវិនិយោគពីវិស័យឯកជនដល់ប្រទេសកំពុងអភិវឌ្ឍ។

លោក Banga បាននិយាយថា កំណើនសេដ្ឋកិច្ចបានថមថយក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយកំណើនបានធ្លាក់ចុះមកនៅត្រឹម ៤ភាគរយពី ៦ភាគរយក្នុងរយៈពេល ២ទសវត្សរ៍មកនេះ។ លោកបានកត់សម្គាល់ថា រៀងរាល់ការធ្លាក់ចុះកំណើន ១ភាគរយបានអូសទម្លាក់មនុស្ស ១០០លាននាក់ចូលទៅក្នុងភាពក្រីក្រ ខណៈដែលកម្រិតបំណុលកំពុងកើនឡើង។

លោក Banga បានកត់សម្គាល់ថា ប្រទេសកំពុងអភិវឌ្ឍន៍ក៏ប្រឈមនឹងគម្លាត «ដែលមិនអាចនឹកស្មានដល់» ផងដែររវាងកម្លាំងពលកម្មនិងការងារ ដោយពលរដ្ឋវ័យក្មេងចំនួន ១១,១ពាន់លាននាក់រំពឹងថានឹងឈានជើងចូលក្នុងទីផ្សារការងារក្នុងរយៈពេល ១ទសវត្សរ៍ក្រោយ ស្របពេលដែមានការរំពឹងថានឹងមានការបង្កើតការងារត្រឹមតែ ៣២៥លានកន្លែងប៉ុណ្ណោះ។

លោកបានបន្តថា ដើម្បីយល់កាន់តែច្បាស់អំពីបញ្ហា ធនាគារពិភពលោកបានកោះប្រជុំក្រុមការងារមួយដែលមាននាយកប្រតិបត្តិចំនួន ១៥នាក់មកពីក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ធនាគារ និងប្រតិបត្តិករ ដែលបានកំណត់កង្វល់នានាដូចជា ភាពជាក់លាក់នៃបទប្បញ្ញត្តិ ការធានារ៉ាប់រងហានិភ័យនយោបាយ និងហានិភ័យប្តូរប្រាក់បរទេសជាដើម។

ធនាគារពិភពលោកកាលពីខែមុនបានប្រកាសរួចហើយនូវកំណែទម្រង់នានាដែលនឹងរួមបញ្ចូលរចនាសម្ព័ន្ធការធានាប្រាក់កម្ចី និងការវិនិយោគរបស់ខ្លួន ហើយនឹងបង្កើនការធានាប្រចាំឆ្នាំរបស់ខ្លួនបីដងដល់ ២០ពាន់លានដុល្លារនៅឆ្នាំ២០៣០។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Banga បានឱ្យដឹងថា ចាប់ពីសប្តាហ៍ក្រោយនេះ ធនាគារពិភពលោក និងក្រុមហ៊ុនសម្ព័ន្ធស្ថាប័នអភិវឌ្ឍន៍មួយក៏នឹងចាប់ផ្តើមចេញផ្សាយទិន្នន័យអំពីស្ទុះងើបឡើងវិញរបស់វិស័យឯកជនតាមកម្រិតប្រាក់ចំណូលតាមប្រទេស ដែលជាជំហានមួយដើម្បីជំរុញទំនុកចិត្តវិនិយោគិន។ លោកបាននិយាយថា ធនាគារពិភពលោកក៏នឹងចេញផ្សាយទិន្នន័យអំពីការបរាជ័យសងបំណុលរបស់វិស័យឯកជនដែលបង្ហាញលម្អិតទៅតាមចំណាត់ថ្នាក់ឥណទាន និងការបរាជ័យសងបំណុលរបស់រដ្ឋាភិបាល និងស្ថិតិអត្រាស្ទុះងើបសេដ្ឋកិច្ចឡើងវិញដែលមានចាប់តាំងពីឆ្នាំ១៩៨៥មក។

ប្រធានធនាគារពិភពលោករូបនេះបានមានប្រសាសន៍ថា៖ «ការងារទាំងអស់នេះរួមចំណែកដល់គោលដៅមួយ នោះគឺការទទួលបានដើមទុនពីវិស័យឯកជនកាន់តែច្រើនទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជំរុញផលជះនិងបង្កើតការងារធ្វើ»