(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគាំទ្រឱ្យបង្កើត «មូលនិធិកីឡាជនពិការតេជោសែន» ដោយសម្តេចប្រកាសផ្តល់ថវិកា២០០លានរៀលក្នុងមួយឆ្នាំ ក្នុងរយៈពេល៤ដំបូង សរុប៨០០លានរៀល ជូនដល់មូលនិធិជនពិការសម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។
សម្តេចប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
សម្តេចបានមានប្រសាសន៍ថា ដើម្បីប្រសិទ្ធភាពនៃការអនុវត្តការងារ មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ចាំបាច់ត្រូវមានថវិកា ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យ កីឡាជនមានពិការភាព, ជាពិសេសត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩។
សម្តេចបានបន្ថែមថា«នៅក្នុងការបង្កើតនេះ ខ្ញុំសុំបោះមេ ខ្ញុំចូលរួម២០០លានរៀលតែម្តងនៅក្នុងមូលនិធិនេះ ហើយនិងបន្ត១ឆ្នាំ២០០លាននៅក្នុង៣ឆ្នាំបន្តទៀត សរុប៤ឆ្នាំដំបូងគឺក្នុងមួយឆ្នាំ២០០លានតែម្តង ហើយក្រោយពីនោះយើងនឹងពិនិត្យ និងជួយបន្តថែមទៀតតាមជាក់ស្តែងហើយក៏សុំអំពាវនាវឯកឧត្តម អ្នកឧកញ៉ា លោក លោកស្រី ដៃគូសប្បុរជនទាំងអស់ មិញមានខាងដៃគូមកពីកូរ៉េដែលគាត់ជួយ គឺលោកគីម អ៊ីចឹងសូមអរគុណ សូមបន្តជួយទៀត ព្រោះដើម្បីជួយនៅក្នុងការដំណើរការរបស់មជ្ឈមណ្ឌលក្នុងការផ្តល់អត្ថប្រយោជន៍ និងគណៈកម្មការប៉ារ៉ាហ្គេម បងប្អូនរបស់យើង បានតិចបានច្រើនគឺជួយគ្នា ដើម្បីយើងរួមគ្នាធ្វើ»៕