ប្រធានរដ្ឋសភាថៃ ចាប់ផ្តើមបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅកម្ពុជា

(ភ្នំពេញ)៖ លោក វ៉ាន់មូហាម៉ាត់ណ មថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ បានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាន់មូហាម៉ាត់ណ មៈថា មានកម្មវិធីចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ ក៏ជួបសវនាការ និង ពិភាក្សាការងារទ្វេភាគីជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ នឹងអញ្ជើញចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា លើកទី៨ ផងដែរ៕