(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈវីដេអូលើបណ្តាញសង្គម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ តាមរយៈការដាក់ចេញនូវគោលដៅសំខាន់ៗចំនួន៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គោលដៅសំខាន់ៗ ទាំង ៤នោះរួមមាន៖
* ទី១ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍
* ទី២ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
* ទី៣ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
* និងទី៤ បន្តអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា៖
* ទី១ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍
បន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ជូនប្រជាពលរដ្ឋថែមទៀត ទាំងបរិមាណ និងគុណភាព។ កន្លែងណាអត់មានផ្លូវ ត្រូវតភ្ជាប់ កន្លែងណាដែលមានផ្លូវហើយខូច ត្រូវជួសជុល កន្លែងណាមានលទ្ធភាពត្រូវពង្រីក និងធ្វើឲ្យទំនើប តាមរយៈការធ្វើជាផ្លូវកៅស៊ូ ឬបេតុង។ គិតត្រឹមឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ផ្លូវជនបទ បានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង ៧៤ភាគរយ នៅទូទាំងប្រទេស។
* ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
រាជរដ្ឋាភិបាល ផ្តោតទៅលើទឹកស្អាត និងទៅលើបង្គន់អនាម័យ ដើម្បីប្រជាពលរដ្ឋ ថ្ងៃក្រោយបន្ថែមអ្វីៗផ្សេងទៀត។ បានបង្កើតអណ្តូតស្នប់ជិត ៦៤ម៉ឺនអណ្តូង ស្រះទឹកសហគមន៍ មានជាង ១ម៉ឺនស្រះ ស្ថានីយ៍ផលិតទឹកផឹកសហគមន៍ ប្រមាណ ១៤០ស្ថានីយ៍ ប្រព័ន្ធចែកចាយបំពង់តូចសហគមន៍ ៤០៧ប្រព័ន្ធ និងអាងទឹកភ្លៀងផ្សេងៗ។ អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និង បង្គន់អនាម័យ បានកើនប្រមាណ ៨៥% ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាព របស់ប្រជាជន នៅតំបន់ជនបទ រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល, លើកកម្ពស់ជីវភាព និង ចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ។
* ទី៣ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
មកដល់ពេលនេះ រាជដ្ឋាភិបាលបានផ្តល់ឥណទានសាច់ប្រាក់ជាង ២ពាន់លាន ទៅដល់ជាង ៨០០គ្រួសារ នៅក្នុង ៩ខេត្ត ដើម្បីជួយសម្រួលសេដ្ឋកិច្ច ជីវភាពគ្រួសារ។ ទោះមិនច្រើន តែបានធ្វើ ហើយថ្ងៃក្រោយ នឹងបង្កើនថែមទៀត។ ទន្ទឹមនេះ បានបង្កើតសហគមន៍សន្សំប្រាក់ បានជិត ២៥០០ក្រុម ដើម្បីជួយគ្នាជាង ២០ម៉ឺនគ្រួសារ ដើម្បីងាយស្រួលក្នុងការសន្សំ និងបំពេញភាពចាំបាច់ផ្សេងៗ។
* ៤ បន្តអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
បានបណ្តុះបណ្តាលបំណិនជីវិត សហគ្រិនភាព និងជំនាញមូលដ្ឋាន ដើម្បីបង្កើតមុខរបរជួយគ្រួសារ ហើយអភិវឌ្ឍន៍ភូមិគំរូជាច្រើន និងក្រៅពីនោះ បានចុះបញ្ជីបងប្អូនសហគមន៍ជនជាតិដើមភាគតិច ១៧៧សហគមន៍ ដើម្បីយើងងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ និងជួយសម្រួលតាមតម្រូវការ។
«ការងានេះ យើងបន្តធ្វើទៀត ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ»។ សម្តេចធិបតី បញ្ជាក់បន្ថែម៕