សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុប្រធាន CAPDI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Agung Laksono អនុប្រធាន CAPDI អតីតប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។

ក្នុងជំនួបសម្ដែងការគួរសមនេះ លោកបណ្ឌិត បានបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ដែលសម្ដេចតេជោ បាន​អនុញ្ញាតឱ្យរូបលោក និងប្រតិភូចូលជួបសំដែងការគួរសម ក្នុងឱកាសលោកបណ្ឌិត និងប្រតិភូអញ្ជើញ​ចូលរួមកម្មវិធីស្រាយបួសនៅកម្ពុជា។

លោកបណ្ឌិត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីលោកបណ្ឌិត Jusuf Kalla ប្រធាន CAPDI អតីតអនុ​ប្រធា​នាធិបតី និងបានគោរពថ្លែងអំណរគុណសម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់​ដល់ប្រជាជន​មូស្លីម​នៅកម្ពុជា តាំងតែពីពេលសម្ដេចតេជោ នៅជានាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន។ មិនត្រឹមតែ​ប៉ុណ្ណោះ កម្ពុជា តែងតែប្រារព្ធពិធីស្រាយបួសជារៀងរាល់ឆ្នាំក្រោមអធិបតីភាពរប​ស់​នាយករដ្ឋមន្ត្រី​រហូតដល់បច្ចុប្បន្ន ដែលនេះគឺបានបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជា គ្មានការរើសអើងសាសនា កម្ពុជា​ប្រជាធិបតេយ្យ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់លោកបណ្ឌិតថា កម្ពុជាតែងតែរៀបចំពិធីស្រាយបួសជារៀងរាល់ឆ្នាំ ដែលបានបញ្ជាក់អំពីការផ្ដល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាជនមូស្លីម ដោយគ្មានការរឹតត្បិតណាមួយ​ឡើយ ហើយការរៀបចំនេះតែងធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរហូតដល់បច្ចុប្បន្ន៕