លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដម៉ាស៊ីនប្រើឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេង

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធ ទី២០ ខែមីនានេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដ ប្រកបដោយជោគជ័យលើម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមស៊េរីថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

តាម KCNA ការធ្វើតេស្ដខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ដោយរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើង នៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Sohae ស្ថិតនៅភាគពាយព្យនៃប្រទេស។ KCNA បានឱ្យដឹងទៀតថាលោក គីម ជុងអ៊ុន បានចាត់ទុកថាគុណតម្លៃយុទ្ធសាស្ត្រយោធានៃម៉ាស៊ីនដំណើរការដោយឥន្ធនៈរឹង សម្រាប់ មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមស៊េរីថ្មីនេះ គឺមានសារៈសំខាន់ដូចគ្នាទៅនឹងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែរ។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០២៣ បានអះអាងថាខ្លួនបានដឹកនាំការធ្វើតេស្ដជាបន្តបន្ទាប់លើម៉ាស៊ីនប្រើឥន្ធនៈរឹងសម្រាប់មីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម ហើយការប្រកាសនៅពេលនេះដែរ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្ដប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ុក្កែតចម្រុះខ្នាតយក្ស និងអំពាវនាវឱ្យកងទ័ពរបស់លោកពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។

ការធ្វើតេស្ដលើបច្ចេកវិទ្យាប្រើឥន្ធនៈរឹងសម្រាប់មីស៊ីល គឺជាគោលដៅចម្បងមួយរបស់លោក គីម ជុងអ៊ុន ហើយកូរ៉េខាងជើងកាលពីឆ្នាំមុនបានអះអាងពីការធ្វើតេស្ដដោយ ជោគជ័យជាលើកដំបូងនូវមីស៊ីល ICBM ប្រើឥន្ធនៈរឹង ដែលលោក គីម ចាត់ទុកថាជារបកគំហើញថ្មីមួយសម្រាប់សមត្ថភាពវាយបកនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ បើតាម ក្រុមអ្នកជំនាញ មីស៊ីលប្រើឥន្ធនៈរឹង មានភាពងាយស្រួលក្នុងការរៀបចំបាញ់ចេញជាងមីស៊ីលប្រើឥន្ធនៈរាវ ដ្បិតវាមិនចាំបាច់បញ្ឆេះប្រេងឥន្ធនៈមុននឹងបាញ់ចេញនោះទេ៕