លោក Biden លោក Kishida និងលោក Marcos នឹងបើកកិច្ចប្រជុំកំពូលនៅឯសេតវិមាន ក្នុងខែមេសា

(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក Joe Biden នឹងទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែមេសាខាងមុខ ដើម្បីពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre មេដឹកនាំនៃប្រទេសទាំង៣ នឹងពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ច និងបច្ចេកវិទ្យាថ្មីៗ ជំរុញខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលស្អាត រួមទាំងកិច្ចសហប្រតិបត្តិការស្ដីពីអាកាសធាតុ ក៏ដូចជាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា ការប្រកាសពីកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិកជាមួយជប៉ុន និងហ្វីលីពីន កើតមានឡើងចំពេលលោក Joe Biden កំពុងផ្ដោតជាអាទិភាពលើ ការពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី ដើម្បីធ្វើការងារជាមួយគ្នាទប់ទល់នឹងចិន រួមទាំងកូរ៉េខាងជើង៕