(សេអ៊ូល)៖ កូរ៉េខាងត្បូង បានព្យួរអាជ្ញាបណ្ណពេទ្យរបស់គ្រូពេទ្យ២នាក់ ដែលនេះគឺជាការដាក់ពិន័យជាលើកដំបូងបំផុតជុំវិញការធ្វើកូដកម្មឈប់ធ្វើការរបស់ក្រុមគ្រូពេទ្យកម្មសិក្សា រយៈពេលជាងមួយខែមកនេះ ដើម្បីជំទាស់នឹងផែនការបង្កើនចំនួននិស្សិតពេទ្យរបស់រដ្ឋាភិបាល។ នេះបើតាមសមាគមគ្រូពេទ្យកូរ៉េ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP។
សមាគមគ្រូពេទ្យកូរ៉េ (Korean Medical Association) បានឱ្យដឹងទៀតថាគ្រូពេទ្យជាមន្ត្រីរបស់ខ្លួន២នាក់ ដែលបានចូលរួមក្នុងកូដកម្ម ត្រូវបានជូនដំណឹងពីការព្យួរអាជ្ញាបណ្ណ របស់ពួកគេកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោមការចោទប្រកាន់ថាបានញុះញង់ឱ្យមានការធ្វើកូដកម្ម។ សមាគមដដែលបានបញ្ជាក់ប្រាប់ AFP ដូច្នេះថា «គ្រូពេទ្យ២នាក់នោះមាន ឈ្មោះ Kim Taek-woo និង Park Myung-ha ទទួលបានការជូនដំណឹងកាលពីថ្ងៃចន្ទ ហើយការព្យួរអាជ្ញាបណ្ណនេះមានរយៈពេល៣ខែ»។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងសុខាភិបាល កូរ៉េខាងត្បូង ប្រាប់ AFP ថាខាងរដ្ឋាភិបាលនឹងមិនផ្ដល់ព័ត៌មានលម្អិតពីការចាត់វិធានការរដ្ឋបាលប្រឆាំងនឹងបុគ្គលជាគ្រូពេទ្យណាមួយ។
គួរបញ្ជាក់ថា សមាគមគ្រូពេទ្យកូរ៉េ ធ្លាប់បានចោទប្រកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងប្រើប្រាស់តាក់ទិកសម្លុតគំរាម ដើម្បីបង្ខំឱ្យក្រុមគ្រូពេទ្យត្រឡប់ចូលធ្វើការវិញ ហើយអះអាងថា ការធ្វើរបៀបនេះកំពុងប្រែក្លាយកូរ៉េខាងត្បូងទៅជាប្រទេសផ្ដាច់ការ។ តែទោះជាបែបនេះក្ដី ខាងរដ្ឋាភិបាលនៅតែការពារផែនការបង្កើនចំនួននិស្សិតពេទ្យ ដ្បិតចាំបាច់ដើម្បីបំពេញ ការខ្វះខាតគ្រូពេទ្យទូទាំងប្រទេស ចំពោះការកើនឡើងចំនួនមនុស្សចាស់៕