រុស្ស៉ី បញ្ជាឱ្យបំពាក់សព្វាវុធបន្ថែមទៀតដល់កងកម្លាំងជើងទឹករបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងយន្តហោះដ្រូនរបស់សត្រូវ

(មូស្គូ)៖ រុស្ស៊ីនៅថ្ងៃអាទិត្យ (១៧ មីនា) នេះ បានបញ្ជាឱ្យបង្កើនកម្លាំងទ័ពជើងទឹក និងការហ្វឹកហ្វឺន ដើម្បីទប់ទល់នឹងការគំរាមកំហែងយន្តហោះដ្រូនគ្មានមនុស្សបើក និងការវាយប្រហារដែនអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ លើនាវាចម្បាំងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៉ី លោក Sergei Shoigu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់កងនាវាចរសមុទ្រខ្មៅ នៅភាគខាងត្បូងប្រទេសរុស្ស៊ី ដូច្នេះថា «គួរតែមានការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ។ ការបណ្តុះបណ្តាលពីរបៀបដើម្បីទប់ទល់ការវាយប្រហារតាមផ្លូវអាកាស និងដ្រូនគ្មាមនុស្សបើក»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Shoigu «បានបញ្ជាឱ្យបំពាក់សព្វាវុធបន្ថែមដល់កងកម្លាំងជើងទឹក ពិសេសប្រព័ន្ធកាំភ្លើងយន្តខ្នាតធំ ដើម្បីកម្ចាត់យន្តហោះគ្មានមនុស្សបើករបស់សត្រូវ»

គួរជម្រាបថា សមុទ្រខ្មៅគឺជាសមរភូមិដ៏សំខាន់មួយ នៅក្នុងសង្គ្រាមជម្លោះរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយអ៊ុយក្រែនអះអាងថា ខ្លួនបានបំផ្លាញនាវារុស្ស៊ីរាប់សិបគ្រឿង។

ចំពេលមានការវាយប្រហារជាបន្តបន្ទាប់ក្នុងប្រទេសអ៊ុយក្រែន ទីក្រុងមូស្គូបានផ្លាស់ប្តូរនាវាចម្បាំងជាច្រើនរបស់ខ្លួន ពីមូលដ្ឋានទ័ពជើងទឹកប្រវត្តិសាស្ត្រ Sevastopol នៅតំបន់ Crimea ទៅកាន់កំពង់ផែ Novorossiysk ភាគខាងកើតបន្ថែមទៀត។

មន្ត្រីអ៊ុយក្រែនបានទទួលជោគជ័យផ្នែកយោធានៅសមុទ្រខ្មៅ នៅពេលដែលកងកម្លាំងជើងគោករបស់ខ្លួនជារឿយៗ ត្រូវបានបង្ខំឱ្យដកថយ ឬឈរជើងការពារនៅភាគខាងកើតអ៊ុយក្រែន៕