(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនសក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការយុវជនគណបក្ស សរុបចំនួន១៣៤រូប នៅវិមាន៧មករា។
នៅក្នុងបាឋកថា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបែងចែកជាពីរផ្នែកសំខាន់ៗ ជាពិសេសដែលផ្តោតសំខាន់ទៅលើភាពអ្នកដឹកនាំទូទៅ ក៏ដូចជាអ្នកដឹកនាំតាមរយៈភាពជាគំរូរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាភាពគំរូរបស់សម្តេចតេជោ។
ក្នុងផ្នែកទី២ បន្ថែមទៀតនោះ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនាមក្រសួងមុខងារសាធារណៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយទស្សនៈវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្លាយជាសមិទ្ធកម្មពិតប្រាកដ។
ជាក់ស្តែង ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីសមិទ្ធផលមួយចំនួនដែលក្រសួងមុខងារសាធារណៈ សម្រេចបានក្នុងនោះ រួមមាន៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការ ក្នុងបរិបទថ្មីដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន ប្រសិទ្ធភាព រួមជាមួយនឹងការរៀបចំនូវនិយាមនីតិវិធីប្រតិបត្តិ ក៏ដូចជាការរៀបចំនូវវិធានគន្លឹះផ្សេងៗទៀតដែលគាំទ្រទៅដល់ការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសកម្មវិធីគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីបទឧទ្ទេសនាមទាំងពីរផ្នែករបស់ លោកឧបនាយករដ្ឋមន្ត្រី សិក្ខាកាមក៏បានផ្តល់ឱកាសឲ្យសួរសំណួរ និងជជែកពិភាក្សាវែកញែកជាច្រើន ដើម្បីផ្តល់ជាពុទ្ធិ និងចំណេះដឹងជូនគ្នាទៅវិញទៅមកប្រកបដោយភាតរភាព៕