លោក គីម ជុងអ៊ុន ដឹកនាំការធ្វើសមយុទ្ធសង្រ្គាមអាកាស ជំរុញឱ្យកងទ័ពត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធ

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំការធ្វើសមយុទ្ធសង្រ្គាមអាកាសកាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ហើយបានជំរុញឱ្យ កងទ័ពរបស់លោកត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធ បន្ទាប់ពីការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលបានបិទបញ្ចប់ក្នុងសប្ដាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ លោក គីម ជុងអ៊ុនបាននិយាយថាមានតែការហ្វឹកហាត់ជាក់ស្ដែង ពាក់ព័ន្ធដោយផ្ទាល់នឹងសង្រ្គាមប៉ុណ្ណោះ ទើបតែរៀបចំឱ្យកងទ័ពក្លាយទៅជាអ្នកប្រយុទ្ធពិតៗ។ លោកបន្ថែមថាលោកផ្ទាល់ពិតជាពេញចិត្តចំពោះការត្រៀមលក្ខណៈ របស់កងទ័ពកូរ៉េខាងជើង ហើយក៏បានបញ្ជាផងដែរឱ្យមានការពង្រឹងការបណ្ដុះបណ្ដាលពីភូមិសាស្ត្រ អាកាសធាតុ ពេលវេលា និងលក្ខខណ្ឌលំបាកៗ។

ការធ្វើសមយុទ្ធរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានបិទបញ្ចប់ ហើយសមយុទ្ធនេះដែរគឺ ជាលើកដំបូងបំផុត ចាប់តាំងពីទីក្រុងព្យុងយ៉ាងកាលពីខែវិច្ឆិកា ឆ្នាំមុន បានលុបចោលកិច្ចព្រមព្រៀង​យោធាអន្តរកូរ៉េឆ្នាំ២០១៨ ដែលត្រូវបានចុះហត្ថលេខា ក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង។

សមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងឈ្មោះថា Freedom Shield មានរយៈពេល១០ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ សមយុទ្ធ នេះមានការចូលរួមពីយោធាក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន មកពីបណ្ដាប្រទេសជាសមាជិកទីបញ្ជាការ​ UN ដឹកនាំដោយសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើង ជាផ្នែកមួយនៃបទឈប់បាញ់សង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣៕