សម្តេចតេជោ ហ៊ុន សែន គាំទ្រពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើការទប់ស្កាត់ ការជួញដូរគ្រឿងញឿន និងឧក្រិដ្ឋកម្មឆ្លងដែន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស​ប្រជា​ជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានប្រកាសឯកភាព និងគាំទ្រយ៉ាងពេញទំហឹង​ចំពោះស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនប្រទេសទាំងពីរ។

សម្តេចតេជោ ប្រកាសឯកភាព និងគាំទ្រលើកិច្ចសហប្រតិបត្តិការនេះ ក្នុងពេលជួបពិភាក្សាការងារ​ជា​មួយ​លោក វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោក វិល័យ ឡាខាំហ្វង បានថ្លៃងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបាន​អនុ​ញ្ញាត​ឱ្យគណៈ​ប្រតិ​ភូ បានជួបសំដែងការគួរសមនៅពេលនេះ។ ក្នុងជំនួបគ្នានោះ លោកឧបនាយករដ្ឋ​មន្ត្រី បានជម្រាប​សម្ដេច​តេជោ អំពីលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃកម្ពុជា ជាមួយសម​ភាពគីឡាវ ដែលភាគីទាំង​ពីរ បានឯកភាពគ្នាក្នុងការងារសម្រាប់ឆ្នាំ២០២៤ ដោយផ្ដោតទៅលើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ រវាងប្រទេសទាំងពីរ។

លោក វិល័យ ឡាខាំហ្វង បន្តថា ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា ភាគីទាំង​ពីរ​បានឯកភាពគ្នាជំរុញការអប់រំប្រជាជន កងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន ឱ្យយល់ច្បាស់​អំពីច្បាប់ និងគោរពច្បាប់ ដើម្បីកុំឱ្យមានការឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រជាជននៃ​ប្រទេស​ទាំង​ពីរ ជំរុញការអភិវឌ្ឍន៍រួមគ្នានៅតាមបណ្ដាខេត្តជាប់ព្រំដែន រួមគ្នាទប់ស្កាត់ការរត់ពន់​គ្រឿង​ញៀន​ខុស​ច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តជាប់ព្រំដែន​​ប្រទេស​​ទាំងពីរ តាមរយៈការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកឱ្យបានទៀងទាត់ និងទាន់ពេលវេលា។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ចំពោះ​ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងសន្តិសុខសាធារណៈរបស់ឡាវនៅកម្ពុជានាពេលនេះ និង​សង្ឃឹម​​យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះ នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀត​នូវទំនាក់ទំនង​ទ្វេ​ភាគី​រវាងប្រទេសទាំងពីរកម្ពុជា និងឡាវ ជាពិសេសលើផ្នែកកិច្ចការសន្តិសុខ ដែលប្រទេសទាំងពីរ ជា​ប្រទេស​ភូមិផងរបងជាមួយគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការនាំនូវការសួរសុខ​ទុក្ខ​របស់​ថ្នាក់​ដឹកនាំឡាវជូនចំពោះសម្ដេច។ សម្ដេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់ភាគីមិត្តឡាវ ក្នុង​ការ​ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការងារសន្តិសុខ ដោយ​​រួមគ្នាទប់ស្កាត់ការ​ជួញ​ដូរគ្រឿង​ញៀនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្សឆ្លង​ដែន។ល។

សម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ថាមពល និងវិស័យផ្សេងៗទៀត ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់។ តាមរយៈប្រធានគណៈប្រតិភូ សម្តេចតេជោ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ ជូនលោក ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគោរពអញ្ជើញលោក ថងលូន ស៊ីសូលីត មកបំពេញទស្សនកិច្ចនៅ​កម្ពុជា នាពេលវេលាសមស្របខាងមុខផងដែរ៕