(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
មន្ទីរពេទ្យ «តេជោសែនកោះធំ» គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយ។ មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យស្រុកកោះធំ។
មន្ទីរពេទ្យស្រុកកោះធំ ចាប់ផ្តើមដំណើរការក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយផ្តល់សេវាដូចជាពិគ្រោះ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ ជំងឺសម្ពព រោគស្ត្រី ជំងឺវះឃាត់ ជំងឺរបេងជាដើម។ នៅឆ្នាំ១៩៩៧ មន្ទីរពេទ្យបានដូរឈ្មោះពីមន្ទីរពេទ្យស្រុកកោះធំមក ជាមន្ទីរពេទ្យបង្អែកកោះធំ។
មន្ទីរពេទ្យបង្អែកកោះធំ ផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) ដែលមានសេវាដូចជា ពិគ្រោះ ជំងឺក្រៅទូទៅ ជំងឺកុមារ កាមរោគ-អេដស៍ ទឹកនោមផ្អែម-លើសឈាម និងជំងឺសម្រាកពេទ្យមាន សេវាវះកាត់ ព្យាបាលជំងឺទូទៅ ជំងឺ កុមារ សម្ភព-រោគស្ត្រី ជំងឺរបេង ព្រមទាំងព្យាបាលជំងឺឆ្លង។ ជាក់ស្តែងនៅឆ្នាំ២០២១ នៅពេលដែលមានផ្ទុះជំងឺឆ្លងជាសកលកូវីត១៩ មន្ទីរពេទ្យនេះមានភារកិច្ច ចូលរួមយ៉ាងសកម្មក្នុងការព្យាបាលជំងឺកូវីត១៩។
លុះចុងឆ្នាំ២០២១ ដោយពិនិត្យឃើញថា មន្ទីរពេទ្យមានសភាពទ្រុឌទ្រោម តូចចង្អៀតពិបាកក្នុងការផ្តល់សេវា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលកាលនោះជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ រួមជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ បានរួមគ្នាផ្តួចផ្តើមកសាងមន្ទីរពេទ្យបង្អែកកោះធំសាជាថ្មី ដោយសុំប្រសិទ្ធនាមឈ្មោះដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន ដាក់ឈ្មោះថា មន្ទីរពេទ្យតេជោសែនកោះធំ។
មន្ទីរពេទ្យថ្មីនេះឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ដែលសម ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
មន្ទីរពេទ្យនេះ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រើរយៈពេលសាងសង់សរុប១៨ខែ និង១៣ថ្ងៃ។
មន្ទីរពេទ្យនេះសាងសង់លើផ្ទៃដីទំហំជាង ១ម៉ឺន ៤ពាន់ម៉ែតក្រក្រឡា ចែកចេញជា៣អគារ ចំណាយថវិកាសាងសង់អគារ និងបំពាក់សម្ភារៈ បរិក្ខារ ឧបករណ៍ពេទ្យសរុបជាង ១០លានដុល្លារអាមេរិក។
អគារមន្ទីរពេទ្យទាំង៣អគារ មានតួនាទីក្នុងផ្តល់សេវាសុខាភិបាលផ្សេងៗគ្នា។ ក្នុងនោះអគារទី១ ស្ថិតនៅកណ្តាលមានរាងជាអក្សរ U មានតួនាទីជាកន្លែងផ្តល់សេវា។
អគារទី២ មានតួនាទីផ្តល់សេវាជំងឺឆ្លង ដែលមានកំពស់ ២ជាន់។ ជាន់ខាងក្រោម មានកន្លែងចតរថយន្តសង្គ្រោះ រោងជាង កន្លែងបោកគក់ និងបន្ទប់ជួសជុលសម្ភារៈ បរិក្ខារពេទ្យ។
អគារទី៣ មានទំហំស្មើនឹងអគារទី២ ដែលអគារនេះ ប្រើសម្រាប់ជាអន្តេវាសិកដ្ឋាន ផ្ដល់ជាទីស្នាក់នៅរបស់គ្រូពេទ្យស្ម័គ្រចិត្ត ដែលមកជួយមន្ទីរពេទ្យ និងជាន់ខាងក្រោមជាអាហារដ្ឋាន។
ក្រៅពីអគារធំៗទាំង៣នេះទៅ មន្ទីរពេទ្យក៏នៅមានសំណង់តូចៗ ចំនួន៥ទៀត ជាកន្លែងដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែន បន្ទប់ដាក់ម៉ាស៊ីនភ្លើង បន្ទប់គ្រប់គ្រងបណ្តាញចែកចាយទឹក កន្លែងផ្ទុកសម្រាម និងរោងសម្រាប់ឡដុតសម្រាម។
មន្ទីរពេទ្យមានគ្រែសរុប ១៧៩គ្រែ ក្នុងនោះគ្រែមាន ២មុខងារ សម្រាប់ជំងឺធម្មតា ១៦៣គ្រែ និងគ្រែ មាន៥ មុខងារ សម្រាប់ជំងឺធ្ងន់ និងក្រោយវះកាត់ ១៦គ្រែ។ មន្ទីរពេទ្យត្រូវបានបំពាក់ដោយឧបករណ៍ពេទ្យមានបច្ចេកវិទ្យាខ្ពស់ ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេស។ មន្ទីរពេទ្យមានសមត្ថភាពបម្រើសេវាពិគ្រោះជំងឺ ក្រៅ សេវាធ្វើរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ ក្នុងនោះរួមមានជាអាទិ៍៖
* សេវាពិគ្រោះជំងឺក្រៅ មនុស្សចាស់ កុមារ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺវះកាត់ ជំងឺធ្មេញ វាស់ភ្នែក ត្រចៀក-ច្រមុះ-បំពង់ក ពិនិត្យផ្ទៃពោះ រោគស្ត្រី និងសេវាជំងឺអេដស៍
* សេវាសង្គ្រោះបន្ទាន់ មាន ១៥គ្រែ និងសេវាសង្គ្រោះកម្រិតធ្ងន់ ៩គ្រែ សរុប ២៤គ្រែ ព្រមទាំង
សេវាលាងឈាម
* សេវាជំងឺទូទៅ ជំងឺឆ្លង ជំងឺសួត ដែលមានគ្រែសរុប ៤៦គ្រែ
* សេវាវះកាត់ មាន ១៦គ្រែ និងមានលទ្ធភាពផ្តល់សេវាវះកាត់ទូទៅ របួស និងបាក់បែក
* សេវាសម្ភព និងរោគស្ត្រី មាន ៤០គ្រែ និងមានលទ្ធភាពផ្តល់សេវាសម្រាលដោយវិធីវះកាត់ និងការវះកាត់ស្បូន
* សេវាជំងឺកុមារ និងទារកទើបនឹងកើត
* សេវាមន្ទីរពិសោធន៍មានលទ្ធភាពវិភាគផ្នែកជីវៈគីមីសាស្ត្រ សេរ៉ូឡូស៊ី ឈាម អីយ៉ូណូក្រាម ប៉ារ៉ា- ស៊ីតសាស្ត្រ និងតេស្តមួយចំនួនផ្សេងទៀត
* សេវារូបភាពវេជ្ជសាស្ត្រ រួមមាន អេកូបេះដូង អេកូធម្មតា ថតកាំរស្មីអ៊ុក និង CT-scan 16 ស្លាយ
* សេវាបញ្ជូនជំងឺ ដោយមានរថយន្តគិលានសង្គ្រោះចំនួន ៤ គ្រឿង – ផ្នែកឱសថស្ថាន មានឃ្លាំងឱសថ និងឱសថស្ថានសម្រាប់អ្នកជំងឺបើកឱសថ។
ដើម្បីត្រៀមលក្ខណៈដំណើរការផ្តល់សេវាថែទាំសុខភាពរបស់មន្ទីរពេទ្យប្រកបដោយភាពរលូន ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកណ្តាលបានពិភាក្សា និងរៀបចំថ្នាក់ដឹកនាំមន្ទីរពេទ្យរួមមាន ប្រធានមួយរូប និងអនុប្រធានបួនរូប ដែលជាមន្ត្រីមកពីមន្ទីរពេទ្យបង្អែកជ័យជម្នះ ខេត្តកណ្តាល មន្ទីរពេទ្យបង្អែកកោះធំ និងពីមន្ទីរ ពេទ្យបង្អែកខេត្តតាកែវ។ មន្ដ្រីរាជការសរុបមានចំនួន ៩៥នាក់ ក្នុងនោះមានមន្ត្រីក្របខ័ណ្ឌចំនួន ៧២នាក់ និងមន្ត្រីកិច្ចសន្យា-មន្ត្រីជួលចំនួន ២៣នាក់។
មន្ត្រីក្របខណ្ឌទាំង ៧២នាក់ សុទ្ធតែជាបុគ្គលិកបច្ចេកទេសជំនាញ ដែលមាន៖ វេជ្ជបណ្ឌិតឯកទេស ២នាក់ វេជ្ជបណ្ឌិត ១៦នាក់ ឱសថការី ២នាក់ ទន្តបណ្ឌិត ២នាក់ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ៦នាក់ បរិញ្ញាបត្រគិលានុបដ្ឋាក ២នាក់ គិលានុបដ្ឋាកមធ្យម ១៧នាក់ គិលានុបដ្ឋាកបឋម ៦នាក់ អ្នកបច្ចេកទេសព្យាបាលដោយចលនា ១នាក់ បរិញ្ញាបត្រឆ្មប ១នាក់ ឆ្មបមធ្យម ១៤នាក់ ឆ្មបបឋម ២នាក់ និងជំនាញគណនេយ្យ រដ្ឋបាល ១នាក់។
មន្ទីរពេទ្យ «តេជោសែនកោះធំ» នឹងក្លាយជាមន្ទីរពេទ្យដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕