រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត

(កណ្តាល)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារៈបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ​មន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ។

មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងបានសាងសង់អគារថ្មីចំនួន០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។

អគារថ្មីចំនួន ០៣ខ្នងរួមមាន៖
១៖ អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន ០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣,៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣,៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣,៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០,៥៤៤,៤ ម៉ែត្រការ៉េ

២៖ អគារខាងឆ្វេង ចំនួន ០១ខ្នង មាន ០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ

៣៖ អគារខាងស្តាំចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ៕