អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូណេស៉ី កើនឡើងដល់ ២៦នាក់

(ហ្សាការតា)៖ មន្រ្តីមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារតែគ្រោះទឹកជំនន់ និងបំណាក់ដីនៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៉ី បានកើនឡើងដល់ ២៦នាក់ ខណៈដែល ១១នាក់ទៀតបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤។

អ្នកនាំពាក្យនៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ លោក Abdul Muhari បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «មនុស្សចំនួន ១១នាក់បានបាត់ខ្លួន ខណៈដែលសាកសពត្រូវបានរកឃើញចំនួន ២៦នាក់»។ លោក Fajar Sukma មន្ត្រីម្នាក់មកពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ នៃភាគខាងលិចកោះស៊ូម៉ាត្រា បានឱ្យដឹងថា ស្រុក Padang Pariaman រងការបំផ្លិចបំផ្លាញខ្លាំង ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងរារាំង ដោយកត្តាអាកាសធាតុ​មិនអំណោយផល និង​ភាពរអាក់រអួលនៃចរន្តអគ្គិសនី​។

គួរបញ្ជាក់ថា ព្យុះភ្លៀងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបង្កការបំផ្លិចបំផ្លាញនៅឯភាគខាងលិចកោះស៊ូម៉ាត្រា ដោយទឹកទន្លេឡើងជន់លិច និងបំណាក់ដីហូរច្រោះផ្ទះយកទៅ៕