អ៊ុយក្រែន រិះគន់ការអំពាវនាវរបស់សម្ដេចប៉ាប ឱ្យទីក្រុងកៀវ «លើកទង់ស» ចរចាជាមួយរុស្ស៉ី

(កៀវ)៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា បានច្រានចោលទាំងការខឹងសម្បារចំពោះការអំពាវនាវឱ្យរបស់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស ឱ្យទីក្រុងកៀវ ចរចាបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី និងគួរតែមានភាពក្លាហានដើម្បី «លើកទង់ស» ហើយប្ដេជ្ញាថានឹងមិនទម្លាក់អាវុធសុំចុះចាញ់រុស្ស៉ីដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ភាពចម្រូងចម្រាសនៃការអត្ថាធិប្បាយរបស់សម្ដេចប៉ាប កើតមានឡើងចំពេលក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាការបាញ់ផ្លោងរបស់រុស្ស៉ី ក្នុងតំបន់ភាគខាងកើតបានសម្លាប់ មនុស្ស ៣នាក់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ អ៊ុយក្រែនក៏បានអះអាងផងដែរថាទីក្រុងមូស្គូ បានបាញ់មីស៊ីលលើតំបន់ Kharkiv ស្ថិតនៅភាគឦសាននៃប្រទេស និងវាយប្រហារដោយយន្ដហោះដ្រូននៅតំបន់ភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ ចំណែក ខាងរុស្ស៉ីវិញបានឱ្យដឹងថាស្ត្រីម្នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើភូមិមួយក្បែរតំបន់ព្រំដែន។

ការអត្ថាធិប្បាយរបស់សម្ដេចប៉ាប នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានដុតបញ្ឆេះកំហឹងក្នុងទីក្រុងកៀវ បន្ទាប់ពីទ្រង់មានបន្ទូលថា អ៊ុយក្រែនគួរតែចរចាជាមួយរុស្ស៉ី ដែលកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំរបស់អ៊ុយក្រែន។ ប៉ុន្តែជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានគូសបញ្ជាក់ដូច្នេះថា «ទង់របស់យើងគឺមានពណ៌លឿង និងពណ៌ខៀវ។ នេះគឺជាទង់តំណាងឱ្យជីវិត ការស្លាប់ និងជ័យជម្នះរបស់ពួកយើង។ យើងនឹងមិនលើកទង់ផ្សេង ជាដាច់ខាត»។

បន្ថែមពីលើនេះ អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំបុរីវ៉ាទីកង់ លោក Andrii Yurash ថែមទាំងបានប្រដូចព្រះបន្ទូលរបស់សម្ដេចប៉ាប ពីការចរចាជាមួយរុស្ស៉ី ប្រៀបដូចទៅនឹងការចរចា ជាមួយ Adolf Hitler ផងដែរ ។