(ព័រអ៊ូព្រីន)៖ យោធាអាមេរិកបានឱ្យដឹងនៅថ្ងៃអាទិត្យ (១០ មីនា) នេះថា ខ្លួនបានធ្វើប្រតិបត្តិការមួយនៅក្នុងប្រទេសហៃទី ដើម្បីជម្រៀសបុគ្គលិកស្ថានទូតដែលមិនសំខាន់ចេញពីប្រទេសនេះ ហើយបានបន្ថែមកងកម្លាំង ដើម្បីពង្រឹងសន្តិសុខស្ថានទូត ខណៈដែលប្រជាជាតិការីប៊ីនកំពុងស្ថិតក្នុងភាពអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។
រឿងនេះកើតឡើងចំពេលដែលស្ថានការណ៍កាន់តែអាក្រក់ទៅ នៅប្រទេសហៃទីដែលអំពើហិង្សារបស់ក្រុមទន្ធពាល កំពុងគំរាមកំហែងរដ្ឋាភិបាល និងបង្ខំប្រជាជនឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
បញ្ជាការខាងត្បូងរបស់យោធាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដឹកជញ្ជូនតាមផ្លូវអាកាសនៃបុគ្គលិកទៅ និងមកពីស្ថានទូតគឺស្របទៅនឹងការអនុវត្តស្តង់ដារ របស់យើងសម្រាប់ការពង្រឹងសន្តិសុខរបស់ស្ថានទូតជុំវិញពិភពលោក ហើយមិនមានជនជាតិហៃទីនៅលើយន្តហោះយោធានោះទេ»។
គួរជម្រាបថា ប្រទេសហៃទីបានធ្លាក់ចូលក្នុងភាពអាសន្នកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ខណៈដែលនាយករដ្ឋមន្ត្រី លោក Ariel Henry ស្ថិតនៅក្នុងទីក្រុងណៃរ៉ូប៊ី ដើម្បីស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀង សម្រាប់បេសកកម្មដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានពន្យារពេលជាយូរមកហើយ។
សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសកេនយ៉ា និងអង្គការសហប្រជាជាតិ ដើម្បីទទួលបានកងកម្លាំងរក្សាសន្តិភាព ដែលត្រូវដាក់ពង្រាយទៅកាន់ប្រទេសហៃទី ប៉ុន្តែមានការពន្យារពេល។ សហរដ្ឋអាមេរិកនិយាយថា ខ្លួននៅតែប្តេជ្ញាជួយប៉ូលីសរបស់ប្រទេសហៃទី ក៏ដូចជាការដាក់ពង្រាយកម្លាំងរក្សាសន្តិភាព និងចង់មើលឃើញការផ្ទេរអំណាច ដោយសន្តិវិធីតាមរយៈការបោះឆ្នោតក្នុងប្រទេសមួយនេះ៕